ខេត្តកណ្ដាលៈ បុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះពោងទៅមើលមងមិនប្រយ័ត្ន បណ្ដាលឲ្យក្រឡាប់ពោងរុំខ្លួនទៅនឹងស្បៃមង កាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចព្រែកចិន ស្ថិតនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡន សារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ស្រីនូ ត្រូវជាកូនស្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាឪពុកបានយកពោងជិះទៅមើលមងនៅត្រង់ចំណុចព្រែកចិន ខណៈកំពុងតែជិះក៏ស្រាប់តែក្រឡាប់ពោងធ្វើឲ្យជនរងគ្រោះរុំខ្លួនជាមួយនឹងស្បៃមង បណ្ដាលជនរងគ្រោះដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វការពិនិត្យនិងកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យកនរុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ