ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិនៃពិធីបុណ្យចូលព្រះវស្សា រយះពេល៣ខែ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ បុណ្យចូល​ព្រះវស្សា​ក៏ជា​បុណ្យ​ដ៏ធំមួយ​ដែលអាច​ចាត់ទុក​ថា ជា​បុណ្យ​ដែល​​​​​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​នៅក្នុង​ព្រះពុទ្ធ​សាសនា ។ ជារៀង​រាល់ឆ្នាំ​នៅពេល​ដល់ថ្ងៃ​ខែ​ ដែល​ត្រូវប្រារឰ​ពីធី​បុណ្យ​ចូល​​ព្រះវស្សា ប្រជាពលរដ្ឋ​ដែល​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង ៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃឆាន់ និង ប្រើប្រាស់​ក្នុង​រដូវកាល​ចូលកាន់​ព្រះវស្សា ។ ពិធីបុណ្យចូលកាន់ព្រះវស្សាសម្រាប់ឆ្នាំនេះ មាន​រយៈ៣ខែ ដោយចាប់​ពីថ្ងៃ​១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែ​អស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ។

យោងតាមឯកសារ បានឲ្យដឹងថា៖ បុណ្យចូលព្រះវស្សា គឺជាបុណ្យ​​មាន​មកតាម​ផ្លូវព្រះពុទ្ធ​សាស​នា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាម​ពុទ្ធា​​នុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុង​វស្សានរដូវ ហើយត្រូវ​ចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទ​ជាទាយក​ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែង​វស្សិកសាដក(សំពត់សំរាប់ងូតទឹកភ្លៀង) ដែល​និយម​​​ហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។

ពាក្យថា វស្សា មកអំពីពា្យបា​លីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែល​មានកំណត់រយៈ ពេល ៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាធ រហូតដល់ថ្ងៃ១៥​កើតខែកត្តិក រយៈពេលនោះ ឯង ហៅថា​វស្សាន​រដូវ ។ បានជា​ព្រះបរមសា​ស្តានៃយើង ព្រះអង្គទ្រង់ អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាង ដើម ២យ៉ាងគឺ៖ ១- ភិក្ខុទាំងឡាយត្រាច់ចរ​ទៅកាន់​ទីកន្លែងផ្សេងៗដទៃនោះ មាន គួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូត​គាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំ​ឲ្យអ្នកស្រុករិះ​គន់តិះ​ដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។ ២- ជារដូវភ្លៀង​ជោកជាំ​ផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុង សាសនា លំបាកក្នុង ការធ្វើដំ​ណើរ​ទៅមក គឺឲ្យនៅចាំវស្សា​តែមួយកន្លែងអស់រយៈពេល៣ខែ ។

ក្នុងវិន័យ​​បិដក មហាវគ្គភាគ៧ ត្រង់វស្សូបនាយិកក្ខន្ធក លោក​​​សម្តែងថា ការចូល​វស្សា មាន ២យ៉ាងគឺ ទី១. ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំ​បូងចាប់​ពីថ្ងៃ ១រោច ខែអាសាធ (បើឆ្នាំ ណាលើកខែអាសាធពីរដងនោះ ចូលវស្សា​នេះ​នៅថ្ងៃ១រោចខែ​ទុតិយា​សាធ) តទៅអស់ ១ត្រៃមាស (៣ខែ) ទើបចេញ​វស្សា នៅថ្ងៃ ១៥កើតខែអស្សុជ។ ឯទី ២.ហៅ​ថា​បច្ឆិមិកាវស្សា ការចូល​វស្សា លើកក្រោយ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់​ពី​ថ្ងៃ ១រោចខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើតខែកត្តិកទើបត្រូវចេញ ។ ការ​ចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់ សាវ័ក ក្រែងមានកិច្ច​រវល់ប្រការណាមួយ ដែលពុំអាច ចូលវស្សាទី១ ឲ្យចូល វស្សាទី២បាន ។

បុព្វហេតុនៃការចូលវស្សា៖ សម័យនោះព្រះសម្ពុទ្ធដ៏មានព្រះ​ភាគទ្រង់​គង់​​​​នៅ​វត្តវេឡុវ័ន កលន្ទក​​​និវាបស្ថានទៀបក្រុងរាជគ្រឹ ។គ្រានោះឯង ការនៅ​​​ចាំវស្សាព្រះមានព្រះភាគមិនទាន់​បញ្ញត្តិដល់​ភិក្ខុសង្ឃទាំងឡាយនៅ ឡើយ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហ​រដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ ពោលទោសតិះដៀលបន្តុះបង្អាប់ ថា ពួកសមណ​ជា​សក្យបុត្ត មិនសមបើនឹងដើរ ទៅកាន់ចារិកអស់ហេមន្ត​រដូវ​ខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀត​បៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វ​តូចៗ​ជាច្រើន​ឲ្យ​ដល់​​នូវសេចក្តីវិនាស សោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃពីនេះ ដែលជា​អ្នក​ពោល​ធម៌​អាក្រក់ ម្តេចគង់នៅសម្ងំឈប់ សម្រាកនៅចាំវស្សា សូម្បីទាំង​ពួកសត្វស្លាបនោះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយ​សម្ងំ​ឈប់សម្រាកនៅចាំវស្សាដែរ ចំលែកតែពួក​សមណ​​ជាសក្យបុត្តនេះ នៅតែដើរទៅកាន់ ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សាន​រដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀត បៀននូវវត្ថុដែលមាន​ជីវិត​មាន​ឥន្រ្ទីយ៍តែមួយ ញុំាង​សត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ។

កាល​មនុស្សទាំងឡាយ កំពុងពោលទោសតិះ​ដៀល​បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏​បានឮច្បាស់ គ្រា នោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនោះចំពោះ​ព្រះ​ដ៏​មានព្រះភាគ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់​ធ្វើនូវ​ធម្មី​​ក​ថាក្នុងវេលា​នោះឯងរួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាត​​​ថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុន្តិ ម្នាលភិក្ខុទាំងឡាយតថាគត​អនុញ្ញាត​ឲ្យ ភិក្ខុចូលចាំវស្សា ។ការចូលវស្សា និយាយតាមបទព្រះ​វិន័យ ជាកិច្ច​របស់​​ព្រះសង្ឃដោយឡែកផ្សេង មិនទាក់ ទាមដោយគ្រហស្ថផងទេ។ ពាក្យ​ថា​ចូល​​​វស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនវោហារ បានសេចក្តីថា កាលដែល​ភិក្ខុ​សង្ឃឈប់​សម្រាកនៅ​ទីណាមួយ ឬវត្តណាមួយ កំណត់អស់វេលា៣ខែ ក្នុងរដូវភ្លៀង ដោយមិនបានត្រេចទៅ​ណាមកណា​ឲ្យ​កន្លងរាត្រីឡើយ ។ វៀលែងតែមានហេតុការចាំបាច់ ដូចជា មាតាបិតា ឬគ្រូឈឺជាទម្ងន់ ឬដល់​នូវ​មរណ ឬឧបាសកនិមន្តទៅសម្តែងធម៌ជាដើម ទើបទៅបាន ដើម្បីជួយ​ឧបត្ថមកិច្ចការនោះៗ ដោយ​តាំងចិត្តថានឹងត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ ។ យើងដឹងហើយថា នៅថ្ងៃ១រោចខែអាសាធ ជាថ្ងៃ​ត្រូវ​ចូលវស្សារបស់បព្វជិត ក្នុងព្រះពុទ្ធ សាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុ​ញ្ញាត​ ។

រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះ​ជើង​វត្តនីមួយៗ ក្រោមការ​ដឹកនាំរបស់លោកអាចារ្យវត្តក៍ប្រារព្ធ ធ្វើបុណ្យ​ចូល​វស្សា ឬកាន់វស្សាផងដែរ តែធ្វើនូវថ្ងៃ១៥កើត​ខែ​អាសាធ មុនព្រះសង្ឃ​ចូលព្រះវស្សា ១ថ្ងៃ ។

បានសេចក្កីថា មុនថ្ងៃចូលព្រះវស្សាកន្លះខែ ឬថារាល់​ថ្ងៃ​ឧបោសថសីល (ថ្ងៃខែដាច់ខែជេស្ឋឬថ្ងៃ៨កើតខែអាសាធ) លោកអា​ចារ្យ តែងតែប្រកូកប្រ​កាស​ជំរាបពុទ្ធបរិស័ទឲ្យដឹកជាមុន អំពីថ្ងៃ ចូល វស្សាខាង​មុខ ( ប្រជុំពិភាក្សាឯកភាពគ្នាក្នុងជួរអាចារ្យ គណ:កម្មការវត្ត ចាស់ព្រឹទ្ធា​ចារ្យ​រួច ហើយ) ឲ្យពុទ្ធបរិស័ទត្រៀម លក្ខណ:ប្រុងរៀងចំ ចតុប្បច្ច័យ ទេយ្យ​វត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា ជាដើមសំរាប់ទំនុកបំរុងព្រះ​សង្ឃដែល​គង់ចាំ​វស្សាក្នុងវត្ត និងជំរាបពុទ្ធបរិស័ទមកជួប​ជុំគ្នានៅថ្ងៃទី១៥​កើតខែអាសាធដោយនាំមក នូវទេយ្យវត្ថុ​ផង។

អាចារ្យវត្តកន្លែងខ្លះមានឲ្យ លិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះ ក្នុងមួយកញ្ចប់និងប្រាក់​សង្កត់​លើទេយ្យ​វត្ថុនោះចាត់ចែងស្វែងរកទៀន ធំៗហៅថា:ទៀនចំណាំវស្សា(បើពុំ​មានអ្នក​មានសទ្ធា​ណា​បូជាទេ)ទៀនធំ មួយគូនេះ សំរាប់ដុត ចាប់ផ្តើមពីថ្ងៃ១រោច​ខែអាសាធជាថ្ងៃចូលវស្សាមិន ពន្លត់ដល់​ថ្ងៃចេញវស្សា(៣ខែ)។ នៅថ្ងៃ​១៥​កើតខែអាសាធក្រោយពីសមាទានឧបោសថសីលរួចហើយ​លោក​អាចារ្យ​ប្រ​កាសឲ្យបរិស័ទយក រណ្តាប់រណ្តា រៀងៗខ្លួនចូលបុណ្យដែលត្រូវជួប​ជុំគ្នានៅម៉ោង​២​រសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។

នៅពេលរសៀល ពុទ្ធបរិស័ទមកជួបជុំគ្នា រួមទាំង​កញ្ចប់​ទេយ្យ​វត្ថុ ផង ក៏​ធ្វើពិធីហែសាដកចំណាំវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារដោយ និមន្តព្រះ​សង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។ ពិធីចាប់ផ្តើមនមស្ការព្រះរតន ត្រៃសមាទានសីល​ហើយអារាធានា​ព្រះ​សង្ឃចំរើនព្រះបរិត្ត។ ចប់ពុទ្ធ មន្ត ហើយលោកអាចារ្យប្រកូកប្រកាសអំពីថ្ងៃចូលវស្សា ។ ការ​ចូលវស្សារបស់ ទាយកទាយិកា នេះ មិនមែនជាពុទ្ធប្បញ្ញត្តិទេ គឺជាចេតនាកម្មធ្វើដោយ សោមន​ស្សវេទនា ញាណសម្បយុត្ត ៕ សំរិត


ចែករំលែក៖