ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រងការចោទចេះអំពើធ្មប់ទីបំផុតព្រមព្រៀងគ្នាស្បថដើម្បីបញ្ចប់មន្ទិល

ចែករំលែក៖

ខេត្តកំពត ៖ ស្ត្រីដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋក្នុងភូមិថា ចេះអំពើអាប ធ្មប់បានចូលស្បថដូចការសន្យាដើម្បីបញ្ចប់ការយល់ច្រឡំពីសំណាក់អ្នកភូមិមកលើ គ្រួសារគាត់ទៀតកាលពីវេលារសៀលថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅវត្តដងទង់ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពតក្រោមការ ឃ្លាំមើលរបស់សមត្ថកិច្ច ព្រោះខ្លាចផ្ទុះ អំពើហិង្សាណាមួយកើតឡើង ។

អ្នកស្រី កោះ សុខ ដែលរងការចោទថា ចេះអំពើអាបធ្មប់បានលើកឡើងថា គាត់ មិនចេះអំពើអាបធ្មប់អ្វីនោះទេហើយការចោទប្រកាន់របស់អ្នកភូមិនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ គាត់ក៏ដូចជាអ្នកភូមិធម្មតាដែរតែទោះជាយ៉ាងណាក៏គាត់ព្រមស្បថដែរ បើគាត់ចេះអំពើអាបធ្មប់ ដូចអ្នកភូមិចោទប្រកាន់មែននោះគាត់មិនហ៊ានមកស្បថនោះទេ ព្រោះកន្លែងដែល គាត់ចូលមកស្បថនេះជាកន្លែងស័ក្តិសិទ្ធិណាស់ ហើយអ្នកភូមិអ្នកស្រុកមានជំនឿតាំងពីបុរាណមកម៉្លេះ ។

អ្នកស្រី កោះ សុខ បានអះអាងថា ក្រុមគ្រួសារគាត់កំពុងតែរងអំពើអយុត្តិធម៌ ព្រោះពួកគាត់មិនចេះអំពើអាបធ្មប់ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ គាត់សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង ព្រោះតាំងតែពីផ្ទុះការចោទប្រកាន់ថា ក្រុមគ្រួសារគាត់ចេះអំពើអាប ធ្មប់មកគាត់មិនសូវហ៊ាននៅផ្ទះនោះទេ ដោយសារមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន បានហៅស្ត្រីឈ្មោះ កោះ សុខ អាយុ៤៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិកណ្តាល ទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ ត្រាចមកសាកសួរ។ ប៉ុន្តែដោយសារស្ត្រី រូបនេះបដិសេធចំពោះការចោទប្រកាន់ ទើបមានការសម្របសម្រួលស្រុះស្រួលគ្នាឈានដល់ដាក់ថ្ងៃស្បថតែម្តងដើម្បីបញ្ចប់រឿង ៕ ហេង នរិន្ទ្រ


ចែករំលែក៖