ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមក្រុងខេមរភូមិន្ទ មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មួយគត់ ជាជម្រើសដ៏ល្អដើម្បីរក្សាសុខសន្តិភាព និង អភិវឌ្ឍន៍

ចែករំលែក៖

ខេត្តកោះកុង ៖ សកម្មជន គណបក្សប្រជាជនកម្ពុជា និងតំណាងសហគមន៍ខ្មែរឥស្លាមនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កោះកុង ជាច្រើនកុះករ បានធ្វើការប្តេជ្ញាចិត្ដថា មានតែការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា មួយគត់ ជាជម្រើសដ៏ល្អដើម្បីរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ ការ រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។

ការប្តេជ្ញានេះ ធ្វើឡើងខណៈដែល លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និង លោកស្រី អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាបក្ស និងគណបក្សក្រុងខេមរភូមិន្ទ និង សង្កាត់ដងទង់ រួមទាំងមានវត្តមានពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាម អញ្ជើញសំណេះសំណាលនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កោះកុង នៅរសៀលថ្ងៃទី ២៤ កក្កដា ២០១៨។

បងប្អូនខ្មែរឥស្លាមទូទាំងក្រុង បានប្តេជ្ញាចិត្ដថា នៅតែរក្សាគោលជំហរដោយ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបស្នងសងគុណនូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។

បងប្អូនសហគមន៍ខ្មែរឥស្លាម សូមបន្តរួមរស់ផ្ញើវាសនារបស់ខ្លួនទាំងស្រុងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសាងគុណ ស្នាដៃជូនជាតិមាតុភូមិពិតប្រាកដ ហើយក៏ជាគណបក្សដែលរំដោះប្រទេសជាតិចេញពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ ជាគណបក្សដែលនាំអាយុជីវិតប្រជានុរាស្ត្រកម្ពុជា អោយរស់រានឡើងវិញតាំងពី ថ្ងៃ៧ មករា ១៩៧៩ ក្រោមការប្រោសប្រទានពរជ័យពីព្រះជាម្ចាស់ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានថ្ងៃ ៧មករា ដែរ ។

លោក អូស្មាន ហាស្សាន់ បានផ្តល់កម្លាំងចិត្ត និង ជំរុញ ដល់សហគមន៍ខ្មែរឥស្លាមរបស់លោក អោយបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀត ទោះបីកន្លងមក សម្លេងគាំទ្ររបស់ខ្មែរឥស្លាម គឺបានគាំទ្រក្នុងកម្រិតភាគរយយ៉ាងខ្ពស់បំផុតក្តី ៕ សំរិត


ចែករំលែក៖