ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យាយម៉ាប់ អុកឡុក​ព្រៃឈើខេត្តមណ្ឌលគិរី

ចែករំលែក៖

សូម្បីតែព្រៃនៅតំបន់ភ្នំព្រិច ដែលជាតំបន់ការពារ​ ក៏អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងរបស់លោកស្វាយ សំអ៊ាង អនុញ្ញាតឲ្យយាយម៉ាប់ បោះជំរុំកសាង​សិប្បកម្មកែច្នៃឈើនោះដែរ ។ តាមរយៈការឃុបឃិត​ និងបើកដៃពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងខណ្ឌរដ្ឋបាលព្រៃឈើ យាយម៉ាប់ មានឱកាសគ្រប់គ្រាន់ក្នុងការ​បោះជំរុំកែច្នៃឈើប្រណីតក្នុងតំបន់​ភ្នំព្រិច ។

គេរាយការណ៍ថា ប្រធានមន្ទីរកសិកម្ម​តាមរយៈនាយខណ្ឌរដ្ឋបាលព្រៃឈើ​បានអនុញ្ញាតឲ្យយាយម៉ាប់ កសាង​សិប្បកម្មកែច្នៃឈើ​ច្រើនកន្លែងនៅតំបន់ភ្នំព្រិច ។ គេមិនដែលចុះពិនិត្យថា តើយាយម៉ាប់បានឈើមកពីណា យកមក​កែច្នៃ​ជាគ្រឿងសង្ហារឹមផ្សេងៗនៅក្នុងសិប្បកម្មរបស់ខ្លួននោះឡើយ ។ បើតាមប្រភពបានឲ្យដឹងថា គឺជាព្រៃឈើដែលគេបានកាប់បំផ្លាញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ។ យាយម៉ាប់ ក៏អាងអំណាច និងឥទ្ធិពលគ្របដណ្តប់មហិមា របស់លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនោះដែរ ។ ហេតុដូច្នេះហើយ បានជា​សិប្បកម្មកែច្នៃឈើប្រណីតរបស់យាយម៉ាប់ ច្រើនកន្លែង រើរុះពីតំបន់មួយទៅតំបន់មួយ​ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី គ្មាននរណា​ហ៊ានក្អកជាមួយយាយម៉ាប់ ឡើយ ។

គេរាយការណ៍ថា យាយម៉ាប់មានអំណាចធំក្នុងការប្រព្រឹត្តល្មើស​ច្បាប់ព្រៃឈើ ព្រោះតែ​គាត់មានប្រាក់ដែលអាច​ដឹកដៃប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តមណ្ឌលគិរីឲ្យចុះហត្ថលេខាថា សិប្បកម្មកែច្នៃឈើរបស់គាត់ស្របច្បាប់ ។ លោកប្រធានមន្ទីរកសិកម្ម សុង ភាង ក៏ដូចជា​នាយខណ្ឌរដ្ឋបាលព្រៃឈើ អ៊ុំ វណ្ណសុភក្តិ មិនដែល​ខ្វល់ថា យាយម៉ាប់ បានឈើមកពីណា ដឹកចូលសិប្បកម្មរបស់គាត់នោះឡើយ ។ គឺ​ឲ្យតែយាយម៉ាប់ ឲ្យលុយ លោកប្រធានមន្ទីរ រហូតដល់ថ្នាក់ដឹកនាំខេត្ត​អនុញ្ញាតឲ្យយាយម៉ាប់ បើកសិប្បកម្មជាចំហរ ។ យ៉ាងនេះហើយបានជាយាយម៉ាប់ ធ្វើអ្វីស្រេចតែចិត្ត ហើយតែងតែ​ដើរគំរាម​សមត្ថកិច្ច​ និងថ្នាក់ដឹកនាំខេត្តទាំងឡាយថា សិប្បកម្មរបស់ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ៕

 


ចែករំលែក៖