ខេត្តកំពង់ចាម: នាយទាហាន មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រីនៅនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិម្នាក់ បាន ទទួលមរណភាពកាលពីវេលាម៉ោង៣និង៥០នាទី ព្រឹក ឈានចូល ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងបបុស ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ូ វីរ: ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រីនៅនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិ មានប្រពន្ធឈ្មោះ ស៊ុន សំអាត អាយុ២៩ឆ្នាំ ស្នាក់នៅភូមិបឹងបបុស ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានចុះពិនិត្យស្រាវជ្រាវលើសាកសពឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺ សម្ពាធសរសៃឈាមឡើងខ្ពស់ធ្វើឲ្យគាំងបេះដូងតែម្តង។
ក្រោយពីបានពិនិត្យសាកសពរួចហើយ សមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី