ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនៃក្រសួងមហាផ្ទៃពាក់ស័ក្តិ៤កន្លះបានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេកូឡូសូយីហោដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃពុធ ៥រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨ នៅបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ យីហោកូឡូសូតាមបណ្តោយផ្លូវលេខ ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហា ផ្ទៃ ឋានន្តរស័ក្តិវរសេនីយ៍ទោ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានមកជួយបន្ទប់សណ្ឋាគារ និងខារ៉ាអូខេយីហោកូឡូសូតាំងពីយប់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨ រហូតដល់ម៉ោងកើត ហេតុខាងលើ។ ដោយសារតែដេកយូរ ពេកមិនឃើញជនរងគ្រោះក្រោកមិត្តភក្តិបានដើរទៅគោះទ្វារតែមិនឆ្លើយក៏បានទៅប្រាប់មេការសណ្ឋាគារ។ ពេលនោះមានការសង្ស័យមេការបន្ទប់សណ្ឋាគារបានយកកូនសោទៅចាក់ចូលមើលតែជាប់គន្លឹះមួយទៀតក៏យកដែកមកគាស់គន្លឹះទ្វារ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ និងមានឃើញកាំភ្លើងខ្លី មួយដើមម៉ាកកា៥៩នៅក្បែរខ្លួនជនរងគ្រោះទៀតផង។ ភ្លាមៗនោះមេការសណ្ឋា គារក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យផងដែរ ។
តាមការពិនិត្យនិងការសន្និដ្ឋានរបស់លោវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ កោសល្យវិច័យរាជធានីភ្នំពេញថា ជនរងគ្រោះបានធ្វើអត្តឃាតដោយយកកាំភ្លើងខ្លីបាញ់នៅចំសៀតផ្កាខាងស្ដាំមួយគ្រាប់ បណ្ដោលឲ្យស្លាប់ភ្លាមៗ ។
ក្រោយពីធ្វើកោសល្យវិច័យរួចសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី