ព័ត៌មានទាន់ហេតុការណ៍៖

លោកវរៈសេនីយ៍ឯកចាន់ ប៊ូរ៉ា មេបញ្ជាការវរៈ២៨៣បកស្រាយជុំវិញកូនទាហានស្លាប់ដោយគ្រោះថ្នាក់ចរាចតណ៍

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកវរៈសេនីយ៍ឯកចាន់ ប៊ូរ៉ា មេបញ្ជាការវរៈសេនាធំ២៨៣ ដែលឈរជើងនៅចំណុច ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង លោកសូមបកស្រាយជុំវិញព័ត៌មាន មួយចំនួនចេញផ្សាយថា លោកបិទព័ត៌មាន និងមតិប្រជាពលរដ្ឋមួយចំនួនថា លោក មិនគិតគូរដល់កូនចៅ ដែលស្លាប់ក្នុងពេលបំពេញការងារ ជួយសង្គ្រោះបងប្អូនខណៈកំពុងរងគ្រោះ ដោយសារទឹកជំនន់ បាក់ទំនប់ នៅអត្តពឺ ប្រទេសឡាវ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដែលធ្វើឲ្យពលរដ្ឋរស់នៅតាម បណ្តោយទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ជួបគ្រោះទឹកជំនន់នោះ ហើយនៅយប់ថ្ងៃ ខែ ដដែល វេលាម៉ោងជាង០៩យប់ លោកបានប្រើពលទាហានលិម សារី ដែលជាជនរងគ្រោះនោះ ជាមុខងារគ្រូពេទ្យឲ្យទៅយក ថ្នាំពេទ្យដើម្បីទុកព្យាបាល ក្រែងមានកងកម្លាំងមានជំងឺផ្សេងៗ ក្នុងពេលបំពេញការងារជួយសង្គ្រោះ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។

លោកបន្តទៀតថា នៅយប់កើតហេតុនោះ ឈ្មោះលិម សារី អត្តលេខ២៣៣២១០ មានស្រុកកំណើតនៅភូមិអណ្តូងម្លូ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោកបានស្លាប់ក្នុងការបំពេញការងារ ដោយគ្រោះថ្នាក់ចរាចរណ៍ ជួយជាតិ ខណៈជិះម៉ូតូទៅយកថ្នាំពេទ្យនៅកន្លែង ដោយមានសភាពងងឹតភ្លៀងផង ហើយម៉ូតូអត់មានភ្លើងបំភ្លឺទៀត​ ។

ក្រោយពេលគេទៅយកថ្នាំពេទ្យ រួចហើយ ហើយជនរងគ្រោះបាន ភ្លេចទូរស្ទព័ខ្លួន ក៏ទៅយកម្តងទៀតទើបធ្វើឲ្យជនរងគ្រោះ បុកជាមួយម៉ូតូរ៉ឺម៉កអង្គភាពជាមួយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច ភ្លាមៗនោះ លោកបានរាយការណ៍ជូនមេបញ្ជាការកងពលតូចតែម្តង រួចលោក ក៏បានឲ្យមេបញ្ជាការងរបស់លោក និងនាយការិយាល័យទីប្រាំ របស់កងពលតូច រៀបចំបញ្ជូនសពទាំងយប់ រួមទាំងថវិកាផ្ទាល់ខ្លួន ចំនួន១៦០ម៉ឺនរៀល និងថវិកាមេកងពលតូចជួយ២០ម៉ឺនរៀល និងទិញមឈូសតំលៃ៦០ម៉ឺនរៀល និងអង្ករ៣ប៉េទៀត ហើយយករថយន្តពេទ្យរបស់អង្គភាព ដឹកយកសពទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ហើយនិងសន្យាបុណ្យគម្រប់៧ថ្ងៃ លោក នឹងនាំយកថវិកាទៅចូលរួមបុណ្យដល់ស្រុកកំណើតម្តងទៀត ។

នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោកកំពុងធ្វើដំណើរនាំយកអង្ករ និងថវិកាមួយចំនួនទៅចូលបុណ្យដល់ផ្ទះសព តាមការសន្យាតែម្តង រួមមានថវិកាអគ្គបញ្ជាការ កងទ័ពជើងគោក និងមេយោធភូមិភាគ១ បួនលានរៀល ថវិកាមេបញ្ជាការកងពលតូច៥០ម៉ឺន និងថវិកាផ្ទាល់ខ្លួនលោក១លានរៀលទៀត និងអង្ករ១រយគីឡូក្រាម ត្រីខ១កេះធំ ។

សូមសាធារណជន អង្គភាព ក្រសួង មន្ទីរ គ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន មិនដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ព្រោះភ្លាមៗពេលនោះស្ថានភាពវាបន្ទាន់ពេក ដោយសារទឹកកំពុងតែហក់ឡើងខ្លាំង ហើយលោកជាប់បញ្ជាទ័ពនៅជួរមុខ ជួយសង្គ្រោះបងប្អូនជួបគ្រោះទឹកជំនន់ មិនអាចបកស្រាយភ្លាមៗបាន ហើយពេលនោះ លោកនៅជាមួយ លោកអភិបាលខេត្ត និងលោកអភិបាលស្រុក ហើយលោក ក៏បានរាយការណ៍ជូនលោកអភិបាលរួចរាល់ហើយដែរអំពីបញ្ហាមួយនេះ ៕ មាស សុផាត


ចែករំលែក៖