អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមអំណាចចាត់ចែងលោកស្វាយ សំអ៊ាង ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកសុង ឃាង ជាសេនាធិការ បានចាត់ចែងឲ្យយាយម៉ាប់ កសាងបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ។ ក្រៅដែនសមត្ថកិច្ចរបស់ខ្លួន លោកសុង ឃាង បានចុះហត្ថលេខាឲ្យយាយម៉ាប់ កសាងសិប្បកម្មជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចដីព្រៃអភិរក្សភ្នំព្រេច ដែលជាដែនសមត្ថកិច្ចរបស់បរិស្ថាន ។ ក្រុមមន្ត្រីបរិស្ថានមិនហ៊ានក្អកជាមួយយាយ ម៉ាប់ ទេ ព្រោះតែគេបោះសន្ទូចឡើងដល់ខេត្តទៅហើយ ។
លោកសុង ឃាងជាអ្នកដែលបានអនុញ្ញាតឲ្យយាយ ម៉ាប់ ប្រព្រឹត្តអំពើល្មើសនៅក្នុងដែនសមត្ថកិច្ចដីបរិស្ថាននោះ ក៏ព្រោះតែមានការបើកដៃឲ្យសញ្ញាពីថ្នាក់ដឹកនាំខេត្តនោះដែរ ។ យាយ ម៉ាប់ ត្រូវរ៉ូវជាមួយលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឃុបឃិតគ្នាឲ្យយាយម៉ាប់ បោះជំរុំសាងរោងសិប្បកម្មជាច្រើនកន្លែងនៅក្នុងតំបន់ភ្នំព្រេច ។ ប្រធានមន្ទីរកសិកម្ម មិនដែលពិនិត្យមើលថា តើយាយម៉ាប់បានឈើមកពីណា ដឹកចូលសិប្បកម្មរបស់ខ្លួននោះទេ ។ ពោលគឺគេមិនដែលខ្វល់ថា តើបានឈើមកពីណានោះឡើយ ឲ្យតែយាយម៉ាប់ ឲ្យលុយ គឺស៊ីញ៉េច្បាប់ឲ្យភ្លាម ។
អាជ្ញាធរខេត្តមណ្ឌលគិរីត្រូវគេអះអាងថា បានប្រយោជន៍ពីការបិទភ្នែកបើកដៃឲ្យយាយម៉ាប់ បើករោងសិប្បកម្មនៅតំបន់ភ្នំព្រេច ក៏ដូចជាតំបន់ផ្សេងៗទៀតស្ទើរពេញខេត្តមណ្ឌលគិរី ។ យាយម៉ាប់ ត្រូវអ្នកមណ្ឌលគិរីអះអាងថា ជាប្រភពសេដ្ឋកិច្ចដ៏ធំសម្រាប់ថ្នាក់ដឹកនាំខេត្តនេះ និយាយរួម និងនិយាយដោយឡែកសម្រាប់លោកស្វាយ សំអ៊ាង ផ្ទាល់តែម្តង ។ យ៉ាងនេះហើយ បានជាយាយម៉ាប់ មានរោងសិប្បកម្មច្រើនកន្លែង ហើយស្ថាប័នជំនាញទាំងមេព្រៃផងនោះ មិនដែលទៅពិនិត្យមើលប្រភពឈើរបស់យាយម៉ាប់ នោះឡើយ ៕