សមាសធាតុនៃលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់យ៉ាងតិច៤ គឺសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតតាមលក្ខណៈសេរីពហុបក្ស។ ក្នុងន័យនេះ តើកម្ពុជាស្ថិតនៅក្នុងកម្រិតបែបណានៃធាតុផ្សំទាំង៤នេះ?
លទិ្ធប្រជាធិបតេយ្យមិនអាចត្រូវលើកកម្ពស់បានទេ នៅទីណាដែលមានការបង្ហូរឈាមតាមរយៈចុងអាវុធ ហើយកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលនេះ រហូតដល់សង្គ្រាមត្រូវបានបញ្ចប់។ អ្វីដែលជាបំណង ប្រាថ្នាដំបូងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា គឺសន្តិភាព ហើយសន្តិភាពនេះបាននិងកំពុងចាក់ឬសក្នុងសង្គម កម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីចប់សង្គ្រាម កម្ពុជាបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចតំបន់និងពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន ក្នុងរង្វង់៧%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធនាគារអភិវឌ្ឍអាស៊ីបានចាត់ទុកថាជាប្រទេសមួយ មានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់អាស៊ី និងត្រូវបានប្រសិទ្ធិនាមថាជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង។ ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាបន្តបន្ទាប់ ធៀបនឹង ២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។
ភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានធ្វើអោយពួកគេងាកមកយកចិត្តទុកដាក់លើ ការងារ អប់រំ ការអត់ឱនអធ្យាស្រ័យគ្នានៅក្នុងសង្គម និងការគិតគូរអនុវត្តច្បាប់ជាធំ ដែលជាការរួមចំណែក ដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែរឹងមាំ។
ប្រជាពលរដ្ឋចម្រុះពណ៌សម្បុរ មិនថាមានសញ្ជាតិកម្ពុជា ឬបរទេសទេ ដែលកំពុងរស់នៅកម្ពុជា មាន សិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ដោយគ្មានការរើសអើង។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកបមុខរបរ ដោយគ្មាន ការរឹតត្បឹត ឬហាមឃាត់។ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់តាមមនសិការរបស់ខ្លួន ប៉ុន្តែមិនត្រូវរំលោភ ដល់សិទ្ធិអ្នកដទៃ ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែលច្បាប់ហាមឃាត់ ឬបំផ្លើសការពិតដែលនាំឱ្យ ប៉ះពាល់ដល់សន្តិសុខសង្គម។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាព របស់ស្ត្រីកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់ ដែល មិនធ្លាប់មានក្នុងសង្គមកម្ពុជាកន្លងមក ដោយសារស្រ្តីបានក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូល រួមក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ។ ទាំងនេះជាជំហ៊ានដ៏វិជ្ជមានចំពោះការគោរពសិទ្ធិ សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវធ្វើឡើងដោយផ្អែក លើឆន្ទៈប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត គឺអាចមានគណបក្សមួយឈ្នះក្នុងសភា គណបក្សពីរ ឬគណបក្សច្រើន។ តាមរយៈលទ្ធផលនេះ សភាជាតិមួយត្រូវបានបង្កើតឡើងដែលមានលក្ខណៈ ជាសភាឯកបក្ស ឬសភាទ្វេបក្ស ឬសភាពហុបក្ស។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ក្រោយសង្រ្គាមលោកលើកទី២ បានបង្ហាញថាក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សតែមួយដោយ ទទួលសម្លេងច្រើនលើសលុបក្នុងចំណោមគណបក្សប្រកួតប្រជែងដ៏ច្រើន ហើយសភាឯកបក្សក៏ត្រូវបានបង្កើត ឡើង ដោយគណបក្សឈ្នះឆ្នោតនោះ។ នៅសឹង្ហបុរី ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះឆ្នោតចំនួន៤អាណត្តិជាប់ៗគ្នា ហើយទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។ ជ័យជំនះរបស់គណបក្ស PAP គឺឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជាជនសឹង្ហបុរី ក្នុងការផ្តល់ទំនុកចិត្តដល់គណបក្ស នេះ ដើម្បីដឹកនាំប្រទេសតទៅទៀត ហើយរហូតដល់ពេលនេះគណបក្ស PAP នៅតែបន្តដឹកនាំសឹង្ហបុរីដដែល។
ដោយឡែកនៅកម្ពុជាវិញ ពីឆ្នាំ១៩៥៥ដល់១៩៦៦ គណបក្សសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ លើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងចំនួន៤អាណត្តិជាប់ៗគ្នា ដោយសារកត្តាមួយចំនួនរួមមាន៖ ការទាមទារឯករាជ្យពីបារាំង នយោបាយមិនចូលបក្សសម្ព័ន្ធ ការទទួលបានអាសនៈកម្ពុជានៅអង្គការសហប្រជា ជាតិ ការបង្រួបបង្រួមជាតិ និងការការពារបូរណភាពទឹកដី។ ចំណែករដ្ឋាភិបាល លន់ នល់ ដែលគាំទ្រ ដោយ សហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៧២ ដែលគណបក្សសង្គមសាធារណរដ្ឋទទួលបានសម្លេង លើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងនាពេលនោះ។
នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា មានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួន២០ ដោយ មានអត្រាអ្នកទៅបោះឆ្នោតចំនួន៨២.៨៩% ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រជាបឋម ប្រហែល៧៦.៧៧% ដែលនាំឱ្យគណបក្សនេះអាចទទួលបានអាសនៈ១០០% នៅក្នុងរដ្ឋសភា។ ការគាំទ្រ របស់ប្រជាពលរដ្ឋលើសលុបលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សនេះ បានរំដោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងកសាងប្រទេសពីបាតដៃទទេរនាំមកនូវការបង្រួបបង្រួមជាតិ និង សន្តិភាព កសាងលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស។
លទ្ធផលនៃការបោះឆ្នោតនេះ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជឿជាក់លើគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានយុទ្ធនាការរារាំងមិនឱ្យទៅបោះឆ្នោតក៏ដោយ។ អត្រានៃអ្នកទៅបោះឆ្នោត ៨២.៨៩%នេះ បង្ហាញយ៉ាងច្បាស់នូវការបរាជ័យរបស់ក្រុមប្រឆាំង ដែលតែងតែប្រើលទ្ធិប្រជាធិបតេយ្យមក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ។
ទោះជាការដឹកនាំបែបសភាឯកបក្ស ឬពហុបក្សក៏ដោយ បញ្ហាសំខាន់គឺរដ្ឋាភិបាលដែលកើតចេញពី ឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសទទួលបានការគាំទ្រពីប្រជាជន រក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍដូច មានជាឧទាហរណ៍ស្រាប់នៃគម្រូដឹកនាំឯកបក្សនៅប្រទេសសឹង្ហបុរី និងនៅប្រទេសម៉ិចស៊ិចកូជាដើម ៕ សុខ គាង សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ