ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់ ចំនួន២ទីតាំងដែលធ្វើឲ្យលូស្ទះ និងមានទឹកដក់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានសំណង់ចំនួន២ទីតាំងក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលធ្វើឲ្យលូស្ទះ មានទឹកដក់ និងរុះរើដែលធ្វើឲ្យកំទេចកាកសំណល់សំណង់ធ្លាក់លើផ្ទះអ្នកជិតខាង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់និងធ្វើការអប់រំម្ចាស់ទីតាំងឲ្យសាងសង់តាមស្តង់ដា​និងបច្ចេកទេសត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកជិតខាង ។

ការចុះត្រួតពិនិត្យសំណង់ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ តំណាងឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងក្រុមការងារចម្រុះខណ្ឌ ។

ជាក់ស្តែងក្នុងការចុះត្រួតពិនិត្យការដ្ឋានសំណង់ ចំនួន២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖

១-ការដ្ឋានដែលធ្វើឲ្យលូស្ទះ និងមានទឹកដក់នៅលើផ្លូវលេខ៩២ ស្ថិតនៅភូមិ១០ សង្កាត់វត្តភ្នំ ។

២-ការដ្ឋានរុះរើដែលធ្វើឲ្យកំទេចកាកសំណល់សំណង់ធ្លាក់លើផ្ទះអ្នកជិតខាង ស្ថិតក្នុងសង្កាត់បឹងរាំង ។

ក្រោយពីពិនិត្យរួច ក្រុមការងារបានណែនាំម្ចាស់ការដ្ឋានទាំង២ទីតាំងនេះ ដោយម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ៕ ស តារា


ចែករំលែក៖