ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ មកឈប់មុខផ្ទះ រួចស្រែកឡូឡា និងដកកាំភ្លើងខ្លី១ដើម បាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការភិតភ័យ និងអ្នករស់នៅជិតខាងយ៉ាងខ្លាំង រួចបានបើករថយន្តគេចចេញទៅបាត់ស្រមោល។
ករណីបាញ់បោះសេរីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្សារឌុយម៉េច តាមបណ្ដោយផ្លូវ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអ្នករស់នៅជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6565 មកឈប់មុខផ្ទះ រួចគេឃើញមានទំនាស់ពាក្យសម្ដីជាមួយក្រុមគ្រួសារ ដោយបានស្រែកឡូឡាយ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមក គេក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការភិតភ័យ និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងយ៉ាងខ្លាំង រួចបើករថយន្តចេញទៅបាត់។
ក្រោយពីមានករណីបាញ់បោះរួចមក ក្រុមអ្នកសារព័ត៌មានបានចុះទៅឃើញមានសម្បកគ្រាប់កាំភ្លើងមិនស្គាល់ម៉ាកចំនួន៣គ្រាប់ នៅនឹងមុខផ្ទះកើតហេតុ ប៉ុន្តែស្ត្រីម្នាក់ បានរត់មកប្រមូលសម្បកគ្រាប់ទាំងអស់ ហើយយកទៅទុកក្នុងផ្ទះបាត់ ដើម្បីគេចពីអ្នកកាសែត។ លើសពីនេះទៅទៀត ករណីបាញ់បោះកណ្ដាលក្រុងទាំងយប់នេះ មិនបានបង្កការរំខានដល់សមត្ថកិច្ចឡើយ៕ ស រស្មី