ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ដកកាំភ្លើងបាញ់មេឃ១០គ្រាប់ផ្អើលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់មន្ត្រីនគរបាលមួយរូបបានដកកាំភ្លើងបាញ់មេឃទាំងកណ្តាលថ្ងៃ ចំនួន១០គ្រាប់​ កាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ចំណុចបន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ​ហើយត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនយកមកសាកសួរ ។

បុរសនោះឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល អន្តរាគមន៍ពិសេស នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ ​។

អ្នកភូមិនិយាយថា នៅវេលាកើតហេតុខាងលើពួកគាត់បានឃើញ បុរសខាងលើឈរកាន់កាំភ្លើងនៅជាន់ទី៣ផ្ទះជួលខាងលើ បន្ទាប់មកស្រាប់បាញ់ឡើងលើជាច្រើនគ្រាប់តែម្ដងដោយមិនដឹងថា គាត់មានវិបត្តិអ្វីឡើយ ។

ពេលនោះដោយខ្លាចមានគ្រោះថ្នាក់ពួកគាត់បាននាំគ្នារត់ចូលក្នុងផ្ទះទាំងព្រលឹងចុងសក់ ក្រោយមកបន្ទាប់ពីឃើញកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅដល់ចំណុចកើតហេតុ និងឃាត់ខ្លួនបុរសខាងលើរួមទាំងដកហូតកាំភ្លើងខ្លីម៉ាកK៥៤មួយដើម​ និងរកឃើញសំកបកគ្រាប់ដែលបាញ់បោះចំនួន១០គ្រាប់ ។

បច្ចុប្បន្នបុរសខាងលើត្រូវបានកម្លាំងនគរបាលនាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖