ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន សមគំនិតគ្នា​កេណ្ឌប្រមូលប្រជាពលរដ្ឋ​ចូលកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សភ្នំព្រេចយ៉ាងព្រហើននឹងផ្លូវច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សកម្មភាព​កាប់បំផ្លាញព្រៃឈើ​នៅក្នុងតំបន់អភិរក្សភ្នំព្រេច ស្ថិត​ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងក្រោមការគ្រប់គ្រង​ដោយបរិស្ថានបាននិងកំពុង​រង​នូវការ​កាប់បំផ្លាញ​ជាថ្មីម្តងទៀត បន្ទាប់ពី​អាជ្ញាធរខេត្ត​ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ​បំពេញតួនាទី ភារកិច្ច មានកម្រិត អាច​នឹងពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ ។ ក្នុងនោះ ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបានបង្ហើបថា រយៈពេល២ថ្ងៃមកនេះ ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បាន​កេណ្ឌប្រមូលប្រជាពលរដ្ឋតាមរយៈដៃជើងរបស់ខ្លួន​ឲ្យ​ចូលទៅកាប់​ឈើ​នៅក្នុងតំបន់​អភិរក្សភ្នំព្រេច ជាមួយនឹង​រថយន្ត​បាកុង រថយន្តកែច្នៃប្រមាណជិត២០០គ្រឿង រហូតដល់​ប្រជាពលរដ្ឋភ្លាត់មាត់ថា សកម្មភាពលើកនេះ ហាក់បីដូចជាមានមនុស្សច្រើន ក៏ដូចជារថយន្តផងដែរ ពួកឈ្មួញ​អាចធ្វើដោយ​អំពើឃុបឃិតគ្នានឹងមន្ត្រីពាក់ព័ន្ធ ឬក៏មានច្បាប់អនុញ្ញាតសារជាថ្មីណាមួយ ទើប​ឈ្មួញ​ហ៊ានធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំបែបនេះ?

ពាក់ព័ន្ធករណីនេះ លោកកែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលស្គាល់​ថា មានព័ត៌មានបែបនេះ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ជាមួយអង្គភាព «នគរវត្ត» លោក​បានបញ្ជាក់ថា រឿងនេះខ្ញុំបានដឹង​ព័ត៌មានផងដែរ​ចំនួន៣ថ្ងៃមកហើយ ថា មានរថយន្តបាកុង និងរថយន្តកែច្នៃត្រៀមចូលទៅ​ដឹក​ និងកាប់ឈើនៅទីនោះ ប៉ុន្តែតាមរយៈកម្លាំងជំនាញរបស់ខ្ញុំ ដែល​ប្រចាំការ​ និងចុះ​ល្បាតជាប្រចាំមិនទាន់ឃើញរូបភាព​មនុស្សដ៏ច្រើន និងរថយន្តបាកុង រថយន្តកែច្នៃទាំងនោះចូលក្នុងតំបន់​អភិរក្សភ្នំព្រេចនៅឡើយទេ ។ លោកប្រធានមន្ទីរបន្តថា បើករណី​កាឡេថង របស់ប្រជាពលរដ្ឋទៅ​ប្រមូល​អនុផលព្រៃឈើ ឬ​រក​វល្លិ៍ជាដើម នោះមាន ប៉ុន្តែ​មិនពាក់ព័ន្ធទៅនឹងបទល្មើស​កាប់បំផ្លាញព្រៃឈើនោះឡើយ ។ បើទោះជា ព័ត៌មានទាំងនេះ​មិនទាន់ត្រូវបានគេបញ្ចេញសកម្មភាពក៏ដោយ លោកក៏នៅតែមានវិធានការខ្ពស់ជំរុញឲ្យកម្លាំង ដែលមានតួនាទី និងភារកិច្ច​ត្រូវស៊ើបអង្កេតតាមដាន ឈានដល់ការ​បង្ក្រាប ប្រសិនបើមានបទល្មើសជាក់ស្តែង ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែសីហា នេះ បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទយ៉ាងដូច្នេះថា ខ្ញុំសូមអរគុណចំពោះសំណួរជុំវិញបទល្មើសព្រៃឈើនេះ ខណៈខ្ញុំបានដឹងព័ត៌មាននេះ​ពីរ បីថ្ងៃមកហើយ ក្នុងនោះ ខ្ញុំថែមទាំងបញ្ជាកម្លាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកម្លាំងពីខាងខេត្តចុះទៅទប់ស្កាត់ ការពារ និង​បង្ក្រាប ប្រសិនបើ​ទទួលបាន​ពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ។ លោកស្នងការបន្តថា ខ្ញុំពេញចិត្ត និងសហការ​ក្នុងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ហើយគម្រោងរបស់ឈ្មួញ ដែលត្រូវ​កាប់ឈើប្រមូលនៅតំបន់អភិរក្សភ្នំព្រេចនោះ ពិតជាមិនអាចធ្វើទៅរួច ដោយសារខ្ញុំ​រៀបចំកម្លាំងជាស្រេចដើម្បីទប់ស្កាត់ ។

មួយរយៈចុងក្រោយនេះ គេឃើញថា អាជ្ញាធរខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត​ ហាក់មាន​ភាពធូរលុងខ្លាំងលើវិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ក្នុងនោះ​មានទាំងការកាប់បំផ្លាញ និងការដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ម្តងៗដូចគេហែកឋិន ដូចជាតាមច្រកប៉ុស្តិ៍៧-ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ម្តងៗ មានរាប់រយគ្រឿង ដឹកតាមអំពើចិត្តពី​យប់រហូតដល់ទល់ភ្លឺ ។ ពេលសកម្មភាពអូសឈើឆ្លងទៅវៀតណាមរួចរាល់ និងរថយន្ត​ដឹកជញ្ជូនបាន​វិលត្រឡប់មកដល់​ទឹកដី​ក្នុងខេត្តមណ្ឌលគិរីវិញ ទើបមានវិធានការឲ្យសមត្ថកិច្ច អាជ្ញាធរ កម្លាំងជំនាញទៅចាប់បទល្មើសខ្យល់ ។ ចំណុចនេះហើយ ដែលប្រឈមទៅនឹងការរិះគន់ ខណៈលោកអភិបាលខេត្ត ជាសមាជិក​គណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែការទទួលខុសត្រូវ មានកម្រិត ជួនធ្វើ ជួនមិនធ្វើ មិនដេកលក់ ធ្វើដេកលក់ មិនខុសអីពីកន្ទេលធំបន្លំដេក ។ ពាក់ព័ន្ធករណីរិះគន់ដោយមិនសំចៃមាត់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅទីនោះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ អង្គភាពនគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។

គួររំលឹកផងដែរថា បន្ទាប់ពីក្រុមឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បានឃុបឃិតគ្នាក្នុងចេតនាទុច្ចរិតបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី ហើយសមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ​ដើម្បីការពារធនធានធម្មជាតិនោះក៏ដោយ ក៏ថ្មីៗនេះ លេចចេញនូវ​គម្រោងថ្មីមួយទៀត គឺឈ្មួញបានរៀបចំដើម្បីដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ខណៈមាន​ថៅកែក្រុមហ៊ុនវៀតណាមថ្មីកំពុងទទួលបញ្ជាទិញឈើ​នៅទឹកដីវៀតណាម ក្នុងនោះ គឺមានឈ្មួញ​ រួមទាំងសមត្ថកិច្ចផងដែរ​បានយកលុយពីវៀតណាម ធានារត់ការផ្លូវដើម្បីឲ្យឈើឆ្លងទៅប្រទេសវៀតណាមបានតាមច្រកដាក់ដាំ តាំងពីយប់ថ្ងៃទី១១ ខែសីហា មកទល់យប់ថ្ងៃទី១២ ខែសីហានេះ ផែនការ​ទាំងនោះត្រូវបរាជ័យ ដោយសារសមត្ថកិច្ចមួយចំនួនខ្លាចរអារ សមត្ថកិច្ចមួយចំនួនទៀតយករួចខ្លួន ប៉ុន្តែប្រភពគួរឲ្យជឿទុកចិត្តបង្ហើបថា ក្រុមឈ្មួញបានរត់ការចាត់ចែងកញ្ចប់រួចហើយ ប៉ុន្តែឈើមិនទាន់ឆ្លងកាត់ទៅវៀតណាមនៅឡើយ ។ បញ្ហាទាំងអស់នេះ ទាំងអ្នករត់ការ ទាំងអ្នកទទួលកញ្ចប់ពីអ្នករត់ការ កំពុងតែព្រួយបារម្ភខ្លាចបញ្ហានេះបែកការដល់ថ្នាក់លើ ខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកអ្នកយកលុយពីវៀតណាមមករត់ការដើម្បីនាំឈើចេញ ក៏ត្រូវ​ថៅកែវៀតណាមដកសេចក្តីទុកចិត្ត ដូច្នេះ ជាគោលការណ៍របស់ឈ្មួញ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវរកឱកាសពេលណាមួយដ៏ឆាប់ៗនេះ មិនឲ្យលើសពីថ្ងៃ១៥-១៦ ខែសីហា នេះ ត្រូវតែសម្រុកចេញឈើឲ្យបានទៅដល់វៀតណាម ឆ្លងកាត់ទ្វេភាគីដាក់ដាំនេះ តិចបំផុតត្រឹម​៤ម៉ែត្រគូប ឬមួយរថយន្តសាំយ៉ុង ជាប្រយោជន៍ឲ្យថៅកែក្រុមហ៊ុនវៀតណាមថ្មី ដែលចាំទទួលទិញឈើនោះ មានទំនុកចិត្ត និងបន្តទម្លាក់ប្រាក់មកឲ្យឈ្មួញប្រមូលឈើនៅទឹកដីខេត្តមណ្ឌលគិរីបន្តទៀត ។ ប៉ុន្តែជាលទ្ធផល ត្រូវបានលេចឮថា ក្រុមឈ្មួញឧកញ៉ាៗទៅយកលុយពីថៅកែវៀតណាមចំនួន២លើករួចមកហើយ ដើម្បីរត់ការនាំឈើ​ចេញ ទីបំផុតត្រូវបានជាប់គាំង ដូច្នេះ​អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់លើ មេត្តាមានវិធានការ​ចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញបទល្មើសទាំងនេះផង ក្នុងប្រយោជន៍ចូលរួម​ការពារ​សម្បត្តិដ៏មានតម្លៃរបស់ជាតិ គឺធនធានធម្មជាតិ ខណៈឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កំពុងតែជ្រួលច្របល់រឿងបញ្ហាប្រមូលឈើ កាប់បំផ្លាញព្រៃឈើ តាមរយៈក្រុមហ៊ុនរបស់ខ្លួន ដែលមានច្បាប់ តែគ្មានព្រៃ ដូច្នេះ ត្រូវបង្ខំ​ប្រើប្រាស់គ្រប់រូបភាព កេណ្ឌប្រមូលប្រជាពលរដ្ឋ​ឲ្យទៅកាប់ឈើនៅក្នុងតំបន់អភិរក្សការពារ ក្នុងនោះ ក៏ត្រូវបានគេ​រាយការណ៍មកដា ឧកញ៉ាទាំង៣រូបនេះ​បានកេណ្ឌប្រជាពលរដ្ឋ​ឲ្យទៅប្រមូលកាប់ឈើ​នៅ​តំបន់កុងៗ ភ្នំព្រេច មានទាំងរថយន្តបាកុង រថយន្តកែច្នៃជាច្រើនគ្រឿង ចូលទៅចំនួន២ថ្ងៃមកហើយ ប៉ុន្តែគេពុំដឹងថា ករណីនេះ ស្ថិត​នៅក្រោមការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញ ឬឧកញ៉ាទាំង៣រូបនោះ ថ្លើមធំហ៊ានបំពានច្បាប់ ស្របពេលដែល​ប្រទេស​កំពុងពង្រឹង​ផ្លូវច្បាប់លើវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ៕ សុខ ខេមរា

សកម្មភាពកាប់បំផ្លាញពេលកន្លងទៅ

សកម្មភាពកាប់បំផ្លាញពេលកន្លងទៅ

សកម្មភាពកាប់បំផ្លាញពេលកន្លងទៅ

សកម្មភាពកាប់បំផ្លាញពេលកន្លងទៅ


ចែករំលែក៖