គេរាយការណ៍ថា មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង មិនដែលខ្វល់អំពីបញ្ហារថយន្តលើសទម្ងន់អ្វីទេ គឺទាំងរថយន្តលើសទម្ងន់ និងរថយន្តមិនលើសទម្ងន់ សុទ្ធតែត្រូវបង់លុយឲ្យពួកគេទាំងអស់ ។ រីឯផ្លូវជាតិលេខ៧ ក៏កាន់តែខូចដោយសាររថយន្តដឹកលើសទម្ងន់ ។ ផ្ទុយទៅវិញ មន្ត្រីដែលប្រចាំការនៅជញ្ជីងថ្នល់ទទឹង ក្លាយទៅជាអ្នកមានស្តុកស្តម្ភគ្រប់ៗគ្នា ។
ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីថែរក្សាហេដ្ឋរចនាសម្ព័ន្ធស្ពានថ្នល់ ។ ប៉ុន្តែផ្ទុយទៅវិញ ស្ថានីយមួយនេះក្លាយជាកន្លែងថ្លឹងលុយរបស់ក្រុមរថយន្តដឹកជញ្ជូនធ្ងន់ៗទៅវិញ ។ រថយន្តដឹកទំនិញ ទាំងលើសទម្ងន់ ទាំងមិនលើសទម្ងន់ សុទ្ធតែចូលបង់ប្រាក់ឲ្យពួកមន្ត្រីប្រចាំការនៅទីនោះ ។ ចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៤ទៀបភ្លឺ រថយន្តដឹកដំឡុង, ស្រូវ, អូសកៅស៊ូ ក៏ដូចជាដឹកទំនិញផ្សេងៗឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដោយពួកគេមិនបានចូលស្ថានីយដើម្បីថ្លឹងទម្ងន់ឡើយ គឺគ្រាន់តែឈប់ហើយដើរចូលទៅក្នុងស្ថានីយ ជាការស្រេច ។ រថយន្តដឹកទំនិញស្ទើរតែ៩០ភាគរយ សុទ្ធតែមិនចាំបាច់ចូលថ្លឹងទម្ងន់នោះឡើយ ។ ពួកគេគ្រាន់តែចូលបង់ប្រាក់ឲ្យមន្ត្រី ដែលប្រចាំការនៅទីនោះជាការស្រេច ។
ប្រភពរាយការណ៍ថា វាក្លាយទៅជាទម្លាប់របស់ក្រុមអ្នករកស៊ីដឹកទំនិញ ដែលឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងនោះហើយ ។ ពួកគេមិនបាច់ចូលស្ថានីយដើម្បីថ្លឹងទម្ងន់នោះឡើយ ។ គឺគ្រាន់តែយកលុយឲ្យក្រុមមន្ត្រីថ្លឹងទម្ងន់ទាំងនោះគឺជាការស្រេច ។ ករណីនេះ គេមិនដឹងថា លោកអភិបាលខេត្តត្បូងឃ្មុំ ឬក្រសួងសាធារណការ និងដឹកជញ្ជូនបានជ្រាបដែរឬយ៉ាងណានោះទេ ។ គេរំពឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួងសាធារណការ នឹងពិនិត្យរឿងនេះឡើងវិញ ៕