ព័ត៌មានទាន់ហេតុការណ៍៖

បំរាម​ទាំង១៦ចំណុច​ ដែល​បេក្ខជន​ប្រឡង​បាក់ឌុប​ ត្រូវ​ដឹង​ និង​ជៀសវាង​ដាច់​ខាត​

ចែករំលែក៖

ភ្នំពេញ​៖ ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមហើយ​ នៅ​ថ្ងៃទី​២០​ ខែ​សីហា​ នេះ​ នៅវេលា​ម៉ោង៧ព្រឹករហូតដល់ថ្ងៃទី២១ ខែសីហា​ ។

ជាមួយ​គ្នា​នេះ​ ដើម្បីងាយស្រួលដល់បេក្ខជន ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) បានជ្រួតជ្រាបច្បាស់អំពីបំរាមដែល​ត្រូវហាមប្រាមចំពោះបេក្ខជននៅថ្ងៃប្រឡងនេះ​ គឺ ក្រសួងអប់រំ យុវជន និង​ កីឡា បានចេញផ្សាយនូវបំរាម​សំខាន់ៗ​ចំនួន១៦ចំណុច ដែលតម្រូវឱ្យបេក្ខជនជៀងវាង។

បំរាម​ទាំង១៦ចំណុច​ រួមមាន​ ៖

១៖ មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។

២៖ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។

៣៖ មិនត្រូវយកសៀវភៅ និងសំណេឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។

៤៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅសំណេឯកសារ ប្រដាប់គិតលេខ នាឡិកាដៃ ដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។

៥៖ មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។

៦៖ មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។

៧៖ មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណេឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង។

៨៖ មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស។

៩៖ មិនត្រូវមិនចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង។

១០៖ មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

១១៖​ មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន។

១២៖ មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឲ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម។

១៣៖ មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ។

១៤៖ មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម។

១៥៖ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត។

១៦៖ មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមិនព្រមអនុវត្តទៅតាមបំរាមនៃប្រការទាំង១៦ចំណុចនេះទេ បេក្ខជនត្រូវបានកំណត់​ឱ្យ​ធ្លាក់ជាស្វ័យប្រវត្តិផងដែរ៕ ចេស្តា

 


ចែករំលែក៖