ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បីបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាបុកចំពាក់កណ្ដាលពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូកង់បីមួយគ្រឿងជិះឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកដោយល្បឿនលឿនក្នុងទិសដៅច្រាស់គ្នា ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកចំពាក់កណ្ដាលម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីបុរសជាអ្នកបុករងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ដា រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅ ប្រភេទម៉ូតូសណ្ដោងរ៉ឺម៉ក(កង់បី) ពាក់ស្លាកលេខកំពង់ចាម 1E-7941 ។ ចំណែកអ្នកជិះម៉ូតូភាគីម្ខាងទៀតឈ្មោះ ឆែម ឈឺន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) មានទីលំនៅភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក CBR ធុនសេ១៥០ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1S-3866 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូកង់បីធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូបត់ឆ្លងផ្លូវ ខណៈនោះក៏ម៉ូតូមួយគ្រឿងទៀតម៉ាកCBRជិះដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានបុកម៉ូតូកង់បីពេញមួយទំហឹងចំពាក់កណ្ដាលម៉ូតូ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកជិះម៉ូតូម៉ាកCBRទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖