ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿនពេកដល់ផ្លូវបែកជាបួនជ្រុលទៅបុកម៉ូតូមួយគ្រឿងហើយខ្ទាតទៅប៉ះរថយន្តដែរគេចតចោលនៅមុខផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-6181 បើកតាមបណ្តោយផ្លូវលេខ១៨៣ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈដល់ចំណុចផ្លូវបែកជាបួន មានបុរស២នាក់ជាសន្តិសុខបើកម៉ូតូមសង់កូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AK-1077 បើកតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ក៏ត្រូវរថយន្តជនជាតិចិនបុកបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តហាយព្រីត ពណ៌ទឹកប្រាក់ មួយគ្រឿងទៀត ពាក់ស្លាកលេខ នគរបាល2-8193 បណ្តាលឲ្យកំពិតកាងខាងមុខ ចំណែកសន្តិសុខទាំង២នាក់រងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងនិងម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ