ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពត្រូវគេយកមកប្លុងចោល ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស សង្ស័យឃាតកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឈប់មើល សាកសពបុរសម្នាក់ សង្ស័យគេដឹកតាមរថយន្ត យកមកប្លុងចោល ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ចម្ងាយ៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ការពិនិត្យសាកសពជនរងគ្រោះបឋម គឺជនរងគ្រោះមានសម្បុរ ស និងសង្ស័យជាជនបរទេស ហើយត្រូវបានឃាតកសម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសពក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ រួចដឹកសពតាមរថយន្តមកពីទឹសខាងកើត មកទម្លាក់ប្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសនេះ ។

ប្រភពដដែលបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុឲ្យដឹងដែរថា នៅម៉ោងប្រមាណជា៤ទៀបភ្លឺ គេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះ ក៏បត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ ។

លុះដល់ម៉ោង៥ព្រឹក ត្រូវបានអ្នកលក់នំប្រទះឃើញ ទើបផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចមូលដ្ឋានតែម្តង ។ បន្ទាប់ពីសមត្ថកិច្ចមកពិនិត្យដំបូង មិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថា ជាសពជនបរទេស ដោយពេលនេះ កំពុងរង់ចាំមន្ត្រីជំនាញបច្ចេកទេសមកធ្វើកោសល្យវិច័យបន្តទៀត ៕ យឹម សុថាន


ចែករំលែក៖