ខេត្តសៀមរាប ៖ ពលរដ្ឋរិះគន់លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្ដី ថាពីមួយឆ្នាំទៅមួយឆ្នាំបទល្មើសនេសាទនៅក្នុងស្រុកជីក្រែងចេះតែកើនឡើងជាលំដាប់ គ្មានមន្ត្រីជលផលណាបង្ក្រាបឈ្នះ ។ ការរិះគន់នេះបានដាក់ការសង្ស័យថា នាយសង្កាត់រដ្ឋបាលជលលផលរូបនេះកន្លងមកប្រហែលជាចុះបង្រ្កាបបទល្មើសតាមរូបមន្ដ កៀងត្រីបញ្ចូលស៊ងតែប៉ុណ្ណោះឬអាចនិយាយថា ការបង្រ្កាបគ្រាន់តែធ្វើយករបាយការណ៍កុហកបោកប្រាស់ថ្នាក់លើតែប៉ុណ្ណោះ។
ជាក់ស្ដែងនៅខាងក្រោយវត្តបាប័ង្គស្ថិតនៅក្នុងឃុំល្វែងឫស្សី ទឹកដីរបស់លោក ជុំ ភាព កាន់កាប់ ពិតជាមានឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងនិងសាច់បរក្រឡាញឹក ជាច្រើន ដែលរបាំងនីមួយៗមានប្រវែងមិនក្រោមមួយគីឡូម៉ែត្រក្នុងមួយខ្សែ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក ជុំ ភាព ធ្លាប់នាំគណៈកម្មការឯកភាពស្រុកឲ្យទៅបង្ក្រាបបទល្មើសនេសាទខ្លះដែរ តែនេះគ្រាន់តែបំភាន់ភ្នែកមហាជននិងដើម្បី ផ្ដល់របាយការណ៍ឲ្យថ្នាក់លើមើលឃើញនិងសរសើរពីសកម្មភាពមមាញឹករបស់ខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋអះអាងថាឧបករណ៍នេសាទដែលត្រូវបានបំផ្លាញចោលនោះ សុទ្ធតែមិនបានបង់សេវាកម្មល្អឲ្យលោកជុំ ភាព ទេទើបធ្វើការបង្ក្រាបដោយយកម្លាំងគណៈបញ្ជាការឯកភាពស្រុកធ្វើជាខែល។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានមិនអាចសការបំភ្លឺ ពីលោក ជុំ ភាព បានទេព្រោះគាត់ហាក់ដូចជាដឹងខ្លួនមិនហ៊ានឆ្លើយតប បែរជារកលេសថា រវល់មិនអាចបំភ្លឺបាន។
ពលរដ្ឋបានសំណូមពរសុំឲ្យលោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មើលមន្រ្ដីក្រោមឱវ៉ាទរបស់ខ្លួនផង និងគួរដកតំណែង លោក ជុំ ភាព ជាមន្ត្រីពុករលួយចេញពីតំណែងទៅកុំឲ្យពលរដ្ឋចោទថាមេឃុបឃិតជាមួយ កូនចៅបណ្ដោយឲ្យមានបទល្មើសនេសាទបំពានទៅនឹងច្បាប់របស់រាជរដ្នាភិបាលក្នុងរដួវបិទនេសាទនិងជារដូវត្រីពងកូន ៕ប៊ុនរិទ្ធី