ភ្នំពេញ៖ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន បានធ្វើឲ្យយុវតីវ័យប្រហែលជា២០ឆ្នាំម្នាក់ បាត់បង់ស្មារតីរហូតទាល់តែដើរស្រែកឡូឡា និងរត់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន ដើម្បីសាកសួររកក្រុមគ្រួសារ និងយកទៅអប់រំនៅមន្ទីរសង្គមកិច្ច ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុប្រហែល២០ឆ្នាំ សម្បូរខ្មៅស្រអែម ស្លៀកខោខាវប៊ូយខ្លី អាវសាច់ក្រណាត់ដៃវែង ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញក្មេងស្រីរងគ្រោះ បានដើរតាមផ្លូវម្នាក់ឯងមិនដឹងមកពីណានោះទេ ដោយដើរបណ្ដើរស្រែករវើរវាយបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកឃាត់ខ្លួន ដើម្បីសាកសួររកក្រុមគ្រួសារ និងយកទៅធ្វើការអប់រំនៅមន្ទីរសង្គមកិច្ចតែម្តង ៕ ស រស្មី