ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចូល​ហ្គាសរថយន្ត ​រួច​បើក​ចេញ​បាន​បន្តិច ឆ្លងចរន្តភ្លើង​ឆេះរត់ចែកជើងគ្នា ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ ​រថយន្ត​កាមរីគូទស្វិត១គ្រឿង ខណៈដែលម្ចាស់បើកទៅ​បញ្ចូល​ហ្គាស ​រួច​ហើយក៏បើកចេញមកធម្មតា​បាន​បន្តិច ស្រាប់តែឆ្លងចរន្តភ្លើងបង្កការ​ឆាប់ឆេះឡើង តែត្រូវ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយធ្វើអន្តរាគមន៍យកបំពង់​ពន្លត់អគ្គិភ័យបាញ់រលត់ទៅវិញភ្លាមៗ ។

ហេតុការណ៍ឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ថានីយប្រេងឥន្ទនៈសែល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស​ម្នាក់ បើក​រថយន្ត​កាមរី ស៊េរីឆ្នាំ១៩៩១ មួយគ្រឿង ពណ៍ឈាមជ្រូក ពាក់ស្លាកលេខស៊េរីចាស់ មក​បញ្ចូល​ហ្គាសនៅ​ស្ថានីយប្រេងឥន្ទនៈសែល ​រួច​ហើយក៏ជិះ​ចេញ​បាន​បន្តិច បណ្តាល​ឲ្យ​ឆាប់ឆេះឡើង ភ្លាមនោះត្រូវ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយ​ធ្វើអន្តរាគមន៍យកបំពង់​ពន្លត់អគ្គិភ័យបាញ់រលត់ទៅវិញភ្លាមៗ ។

តាមសម្តីបុរសដែលជាម្ចាស់រថយន្តរងគ្រោះ​ បាន​ឲ្យ​ដឹងថា រូបគាត់ទើបតែមកពី​ខេត្ត​ឧ​ត្ត​ម​មានជ័យ ដើម្បី​ប្រជុំ​ការងារ​នៅ​រាជធានី​ភ្នំពេញ ហើយ​គាត់​បាន​យក​រថយន្ត ចាក់​ហ្គាស​រួចបើក​បាន​បន្តិច​ស្រាប់តែ​រថយន្ត​មាន​អណ្ដាតភ្លើងឆាប់ឆេះ​ផ្នែកខាងមុខម៉ាស៊ីនតែម្តង ភ្លាមនោះក៏បាន​អ្នក​ចាក់​សាំងយក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់​បាន​ទាន់ពេល ។

ក្រោយ​កើតហេតុ រថយន្ត​រងគ្រោះត្រូវបានហៅរថយន្ត​អូស យកទៅ​កន្លែង​ជួស​ជុសដោយខ្លួនឯង ៕ស តារា


ចែករំលែក៖