ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោបញ្ជាឲ្យគណៈបញ្ជាឯកភាពខណ្ឌដង្កោចុះឃាត់រថយន្តអេតចាយ និងប្រមូលសម្ភារអេតចាយនៅផ្លូវ៥០ម៉ែត្រ ដែលដាក់លើចំណីផ្លូវ និងគ្មានសណ្ដាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទំនិញអេតចាយឡើងចាស់ទ្រុឌទ្រោម និងសម្ភារអេតចាយជាច្រើនដាក់លើចំណីផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលជាហេតុធ្វើឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានចុះទៅឃាត់ និងប្រមូលយកមកទុកនៅសាលាខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ។

លោក នុត ពុធដារា អភិបាលខណ្ឌដង្កោ និងជាជំនួយការសម្ដេចតេជោ នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារផ្ដាំផ្ញើដល់ប្រជាពលរដ្ឋតាមរយះផេករបស់ខ្លួនផ្ទាល់ថា សូមបងប្អូនមេត្តាចូលរួមសហការទាំងអស់គ្នា កុំដាក់អេតចាយ ឬវត្ថុផ្សេងៗតាមចិញ្ចើមថ្នល់ ដើម្បីចៀសវាងការគ្រោះថ្នាក់ និងកកស្ទះចរាចរ។ ទីក្រុងយើងស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។

ក្នុងកិច្ចប្រជុំលោកអភិបាលខណ្ឌបានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជា៖

ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព បង្កា បង្ក្រាប និងលុបបំបាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប់ជាប្រចាំ។

យកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម។ ត្រូវមានក្រុមបដិសណ្ឋារកិច្ចប្រចាំការនៅសាលាសង្កាត់ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការងារអនាម័យបរិស្ថាន ត្រូវសម្អាតឲ្យបានស្អាតជាប្រចាំតាមផ្លូវនានា ដោយតាមបណ្តាសង្កាត់មានភ្នាក់ងារអនាម័យ និងតាមដានត្រួតពិនិត្យការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដោយសហការជាមួយការិយាល័យបរិស្ថានខណ្ឌ

បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លុបបំបាត់ការដាក់តាំងលក់អាណាធិបតេយ្យលើចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងមូលដ្ឋាន

ចំពោះការត្រួតពិនិត្យរថយន្តដឹកជញ្ជូនតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ និងរថយន្តដឹកជញ្ជូនដីខ្សាច់ ដែលដឹកហូរធ្លាក់តាមផ្លូវ ត្រូវចាត់វិធានការតាមដានត្រួតពិនិត្យ និងឃាត់ទុកឲ្យបាន ហើយយកមករក្សាទុក ឲ្យសម្អាតផ្លូវឡើងវិញ ដោយពុំមានការផាកពិន័យឡើយ ដើម្បីជាការព្រមាន។

សូមសង្កាត់ទាំងអស់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ដែលបានធ្វើការផ្ទេរសិទ្ធិច្រើនលើហើយត្រូវផុខាងមុនឹងត្រូវទទួលការពិន័យតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖