ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ តាំងខ្លួនជាព្រះ ដើរស្រែកឡូឡាតាមផ្លូវសាធារណៈ ត្រូវបាននគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួន បញ្ជូលមកអគ្គនាយកអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ ។
នគរបាលអន្តោប្រវេសន៍ បញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ឈ្មោះ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ។
ស្ត្រីរូបនេះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡានៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។
នគរបាល បន្តថា បន្ទាប់មកកម្លាំងការិយល័យបានធ្វើការសាកសួរ ឃើញថាស្ត្រីចិនរូបនេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ ។
រយៈកាលស្នាក់នៅប្រទេសកម្ពុជា គឺ គ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ដោយនិយាយតាំងខ្លួនឯងថាជាព្រះ។
បច្ចុប្បន្ន នគរបាលអន្តោប្រវេសន៍កំពុងបន្តនីតិវិធីលើស្ត្រីជនជាតិចិនរូបនេះ ៕ចេស្តា