ខេត្តស្វាយរៀង៖ មានការយំស្រែក បោកខ្លួនសោកសង្រេងយ៉ាងខ្លាំង ពីសំណាក់ម្ដាយ បន្ទាប់ពីទទួលដំណឹងថា កូនប្រុសទើបតែអាយុបានមួយខួបកន្លះ លង់ទឹកស្រែស្លាប់ ខណៈបានផ្ញើឲ្យជីដូនមើលថែ ប៉ុន្តែមានការធ្វេសប្រហែសតែមួយពព្រិចភ្នែក ដោយភ្លេចខ្លួនជាប់រវល់បោកខោអាវមុខផ្ទះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលម៉ោង៣ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត នៅភូមិអូដូនអាម ឃុំ ព្រះពន្លារ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹក មានឈ្មោះ គៀន សុផានិត អាយុ១ខួបកន្លះ មានទីលំនៅស្ថិត នៅភូមិអូដូនអាម ឃុំ ព្រះពន្លារ ស្រុកកំពង់រោទ៏។
តាមជីដូនបានរៀបរាប់ថាមុនកើតហេតុកូនរបស់គាត់បានផ្ញើចៅឲ្យមើលថែដូចសព្វដង ព្រោះជាប់រវល់ធ្វើការទាំង២នាក់ប្ដីប្រពន្ធ ដល់ពេលល្ងាចបានត្រឡប់មកផ្ទះវិញ។
ប្រភពបន្តថា នាពេលរសៀលម៉ោង៣គាត់សម្រាកពីធ្វើការងារផ្ទះរួចមក ក៏បានយកខោអាវមកបោក ដោយទុកចៅឲ្យវារលេងនៅលើដីបរមាណ១០នាទី ដោយជាប់រវល់បោកខោអាវភ្លេចខ្លួន ស្រាប់តែមានការភ្ញាក់ខ្លួនព្រឺតថា មានចៅនៅក្បែមិនឃើញ ក៏ប្រញាប់ប្រញាលដើររកស្រាប់តែប្រទះឃើញចៅ នៅទឹកប្រឡាយមុខផ្ទះខាងកើត ចម្ងាយប្រហែល ប្រមាណ២០ម៉ែត្រ ក៏បង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ទាំងសោកសង្រេង និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន