ភ្នំពេញ ៖ ពិតជាគួរឲ្យអកុសលខ្លាំងណាស់ ខណៈដែរ បុរសម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគ៌ា ក្រោយពីត្រូវរថយន្តស្ទួចបើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង និងកិនជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅចំណុចមុខភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឫស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមប្រភពពីគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសួគ៌ា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានត្រឹមតែស្គាល់ឈ្មោះយ៉េត វណ្ណនេត អាយុជាង២០ឆ្នាំ បានបាត់បង់ជីវិតពេលកំពុងសង្គ្រោះបន្ទាន់ ដោយសាររបួសធ្ងន់ធ្ងរពេក ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់(ជនរងគ្រោះ)បានជិះម៉ូតូម៉ាក ស្កុបពី ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BG- 1597 បានធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបើករថយន្តស្ទូច ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌ស ជាប្រភេទរថយន្តស្ទួច ដោយពាក់ស្លាកលេខ ភ្នំពេញ 3C 4590 បានធ្វើដំណើរទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកដួលចូលក្រោមរថយន្ត ហើយរថយន្តកិនអូសពីលើ បណ្តាលឲ្យបាក់ភ្លៅខាងស្តាំ រយះចេញខ្លាញ់មកក្រៅ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិក ឯកជនសួគ៌ា ចំណែកម៉ូតូ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យទៀតថា ភ្លាមៗរថយន្តបង្កមិនបានឈប់ដោះស្រាយនៅនឹងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករថយន្តរត់គេច ជិត១គីឡូម៉ែត្រ ជិតដល់ផ្លូវចូលទៅកន្លែងចាក់សំរាមចាស់ ទើបអ្នកបើកបរបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវរថយន្តសម្ភពរស្មីដឹកយកទៅតម្កល់ទុកក្នុងវត្តក្បែរកន្លែងកើតហេតុ រង់ចាំទាក់ទងសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ