ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេថាជិះចេញក្រៅមួយភ្លែតបែរជាយកទៅបញ្ចាំត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូគេជិះចេញទៅក្រៅដោយនិយាយកុហក់ថា ទៅទិញអីហូបតែបែរជាយកទៅបញ្ចាំយកលុយទិញទូរស័ព្ទ អស់រយៈពេលជាងកន្លះខែ ទើបម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភលើទំនុកចិត្ដខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង១០នាទី ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ គឿន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកក រីឯជនរងគ្រោះឈ្មោះ ឈិន វិចិត្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតទឹកកក ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិវត្តចាស់ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកសម្ភារៈបាត់បង់មាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BC-1979 រីឯសម្ភារៈចាប់យកមានទូរស័ព្ទដៃ១គ្រឿង ម៉ាកSamsung ពណ៌ស ។

ប្រភពដដែលបន្ដថា ជនសង្ស័យ និងជនរងគ្រោះគឺជាកម្មករធ្វើការនៅសិប្បកម្មផលិតទឹកកករបស់ឈ្មោះ ម៉េង ថុង ជាមួយគ្នា ជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៨ ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះដោយនិយាយថា ខ្ចីម៉ូតូជិះចេញទៅក្រៅមួយភ្លែត ដើម្បីទិញអីហូប ភ្លាមនោះជនរងគ្រោះក៏ឲ្យម៉ូតូទៅជនសង្ស័យដោយយល់ថា ជនសង្ស័យរួមការងារជាមួយគ្នា ។ ខណៈដែលជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះបានហើយ ភ្លាមនោះក៏ជិះទៅបាត់ដោយពុំយកមកឲ្យជនរងគ្រោះជាម្ចាស់ទេ រហូតអស់រយៈពេលជាងកន្លះខែ ។ ចំណែកឯម្ចាស់ម៉ូតូពុំឃើញជនសង្ស័យយកម៉ូតូមកឲ្យខ្លួនវិញ លុះមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួន ។ លុះមកដល់វេលាម៉ោង១៤ ថ្ងៃខែដដែល ជនរងគ្រោះបានឃើញជនសង្ស័យនៅម្តុំសង្កាត់ព្រែកលៀប រួចក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀប ឲ្យជួយឃាត់ជនសង្ស័យ មកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន ក្រោយពីបានម៉ូតូហើយ ខ្លួនបានយកម៉ូតូជិះទៅផ្សារឃ្លាំងរំសេវ នៅរាជធានីភ្នំពេញ ដើម្បីបញ្ចាំក្នុងតម្លៃ៥០ដុល្លារសហរដ្ឋអាមេរិក ក្រោយពីបានលុយរួចហើយ ខ្លួនក៏ទិញទូរស័ព្ទដៃមួយគ្រឿងតម្លៃ៣០ដុល្លារសហរដ្ឋអាមេរិក ៕ ស្អាងជ័យ


ចែករំលែក៖