ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តកំពង់ឆ្នាំង លោក ហ៊ាល ទូច គ្រប់ទឹក

ចែករំលែក៖

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងត្រូវបានមន្ត្រីនិងភ្នាក់ងារគយខេត្តកំពង់ឆ្នាំង លាតត្រដាងជាបន្តបន្ទាប់ ជាពិសេស ទាក់ទងករណីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញមួយចំនួនដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង គឺត្រូវលោក ហ៊ាល ទូច ប្រើអំណាចគាបយកលុយតាមអំពើចិត្ត។ សូម្បីតែឈ្មួញដែលដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនក៏ត្រូវលោក ហ៊ាល ទូច មេគយ ខេត្តកំពង់ឆ្នាំង ព្រមទាំងបក្ខពួករាប់ក្បាលរថយន្តគាបយកលុយលើតុក្រោមតុតាម អំពើចិត្តផងដែរ ។

ប្រភពដែលស្និទ្ធនិងលោក ហ៊ាល ទូច បានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក ហ៊ាល ទូច និងបក្ខពួកកំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងសុខស្រួល ហើយមិនខ្វល់ពីមតិរិះគន់អ្វីទាំងអស់។ ឈ្មួញមួយចំនួនដែលបង្កប់ទំនិញគេចពន្ធតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនមួយចំនួនត្រូវបង់លុយតាមការកំណត់របស់លោក ហ៊ាល ទូច ទើបអាចចៀសផុតពីការបង្ក្រាប ហើយបើឈ្មួញណាហ៊ានគេចវេះត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន។ ក្រុមឈ្មួញតូចតាចដែលរកស៊ីដឹកជញ្ជូនផ្លែឈើ និងទំនិញផ្សេងៗតាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានឲ្យដឹងថា សម្រាប់ផ្លែឈើនិង ទំនិញក្នុងមួយរថយន្តត្រូវលោក ហ៊ាល ទូច គាបយកលុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ក្នុងមួយថ្ងៃៗមានរថយន្តសាំយ៉ុង រថយន្តកូរ៉េ ដឹកជញ្ជូនផ្លែឈើនិងទំនិញផ្សេងៗឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង រាប់រយគ្រឿងដូច្នេះលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានឲ្យដឹងថា សម្រាប់ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ាល ទូច ទើបអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាពបាន ៕


ចែករំលែក៖