ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុន បាយ័ន វីអាយភី បោះពួយបុកអ្នកជិះម៉ូតូឆ្លងថ្នល់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសអ្នកជិះម៉ូតូឆ្លងថ្នល់ម្នាក់ បានរងរបួសស្ទើរស្លាប់ស្ទើររស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក HIACE ប្រភេទទេសចរណ៍បុក នៅលើកំណាត់ផ្លូវជាតិលេខ៥។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ និង០៥នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៥.២១៦ ស្ថិតក្នុងភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក TOYOTA HIACE ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV 0481 ប្រភេទទេសចរណ៍ របស់ក្រុមហ៊ុន(បាយ័ន វីអាយភី)បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងដែលកំពុងជិះឆ្លងថ្នល់ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ អ្នកបើកបររថយន្តឃើញហេតុការណ៍បែបមិនល្អរត់គេចបាត់។

ប្រភពដដែលបន្តទៀតថា អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 5080 ឈ្មោះ សឿន ឆៃនន់ភេទប្រុស ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការខ្លុយ ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសធ្ងន់)បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្ន នៅនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរតាប៉ោង រងចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖