ខេត្តសៀមរាប៖ ល្បែងស៊ីសងអ៊ីនធើណេតក្នុងក្រុងសៀមរាបជាច្រើនកន្លែងស្ថិតនៅចំណុចផ្សារដើមក្រឡាញ់ និងខាងជើងស្តុបភោជនីយដ្ឋានទន្លេសាប ផ្សារញ៉ែ ផ្សាររាត្រី ផ្សារចាស់ ផ្លូវសាលារៀនវត្តបូណ៍ ផ្លូវលោកតានឿយ ខាងក្រោយផ្សារលើ ផ្លូវសង្កាត់ស្លក្រាម និងផ្លូវមាត់ស្ទឹងត្រើយខាងលិច ចំណុចខាងលើទាំងអស់នេះគឺសុទ្ធតែល្បែងស៊ីសងអ៊ីនធើណេត បើកតាំងពីយូរយារហូតមកដល់បច្ចប្បន្ននេះ នៅតែលោកវរៈសេនីយ៍ឯក ទេព្យ ចាន់ណា អធិការនគបាលក្រុងសៀមរាប ទើបតែឡើងកាន់តំណែងថ្មី អត់បង្រាបបានដដែល នេះសបញ្ជាក់ឲ្យឃើញថា គឺជាឆ្នាំងបាយរបស់លោកមែនទេ? ។
ថៅកែម្ចាស់ហាងល្បែងស៊ីសងអ៊ីនធើណេតម្នាក់ សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់សារព័ត៌មានឲ្យដឹងថា សព្វថ្ងៃនេះ រកប្រាក់ចិញ្ចិមតែសមត្ថកិច្ច ព្រោះត្រូវបង់ក្នុង១ខែជាង100$ ឲ្យទៅសមត្ថកិច្ច ទើបអាចដំណើរការបាន តើក្នុងមួយកន្លែងជាង100$ ហើយ៥០ កន្លែងតើ សរុបជាទឹកប្រាក់មានចំនួនប៉ុន្មាន? ។
លោកវរៈសេនីយ៍ឯក ទេព្យ ចាន់ណា អធិការនគបាលក្រុងសៀមរាបនាពេលកន្លងមក អ្នកសារព័ត៌មាន ធ្លាប់បានសាកសួរជុំវិញល្បែងស៊ីសងអ៊ីនធើណេត តើមានចំណាត់ការយ៉ាងម៉េច លោកបានឲ្យដឹងតាមទូរស័ព្ទថា ចាំលោកចុះទៅត្រួតពិនិត្យមើលអាជ្ញាប័ណ្ណ តែពាក្យសំដីរបស់លោកវរៈសេនីយ៍ឯក ទេព្យ ចាន់ណា ថា ចាំចុះទៅមើល គឺអស់រយះពេល២ខែមកហើយ តែនៅឡើយមិនឃើញចុះអនុវត្តន៍ច្បាប់ល្បែងស៊ីសងអ៊ីនធើណេតខាងលើនេះបានមួយចំណិតនៅឡើយទេ ប្រជាពលរដ្ឋ និងមតិមហាជនរិះគន់ចំៗ ថាលោកវរៈសេនីយ៍ឯក ទេព្យ ចាន់ណា ទើបតែឡើងកាន់តំណែងថ្មីថ្មោង បាននិងកំពុងស្រង់ដើម និងប្រមូលសេដ្ឋកិច្ចមកចូលហោប៉ៅរបស់ខ្លួនដើម្បីធ្វើមានធ្វើបាន ។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប តែងតែយកចិត្តទុកដាក់សុវត្ថិភាព ស្ថិរភាពភូមិ ឃុំ ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញ មានមន្ត្រីថ្នាក់ក្រោម កំពុងប្រព្រឹត្តអំពើពុករលួយ ជាពិសេស លោកវរៈសេនីយ៍ឯក ទេព្យ ចាន់ណា កំពុងប្រមូលលុយពីល្បែងស៊ីសងអ៊ីនធើណេត តើលោកឧត្តមសេនីយ៍ទោ បានដឹងដែរទេ ឬក៏មេ និងកូន ដូចតែគ្នា? ៕ ប៊ុនរិទ្ធី