ព័ត៌មានទាន់ហេតុការណ៍៖

រៀបចំផឹកស៊ីគងសម្ដីបន្តិចបន្តួច ទាញពូថៅដៃ កាប់របួសធ្ងន់ ២នាក់ រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសចំនួន ២នាក់បានរងនូវផ្លែពូថៅដៃហូរឈាមកក្លាក្សស្រោចពេញខ្លួន ដោយសារកណ្ដាប់ដៃមិត្តសំឡាញ់វាយកាប់ប្រហាដោយគ្មានញញើតដៃ នៅគ្រាដែលទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ខណៈកំពុងរៀបចំកម្មវិធីស៊ីផឹកមួយជុំគ្នា ។

ហេតុការណ៍កាប់ប្រហារគ្នាដោយគ្មានញញើតដៃពីសំណាក់ក្រុមក្មេងទំនើងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើតុំបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ សាំង វិសាល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ របួសចំក្បាលផ្នែកខាងលើត្រចៀកខាងស្ដាំចំនួន ១ពូថៅ និងស្មាខាងស្ដាំចំនួន ១ពូថៅដែរ(ធ្ងន់) និងទីឈ្មោះ លីម កាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ របួសចំក្បាលផ្នែកខាងស្ដាំចំនួន ១ពូថៅ និងឆ្អឹងជំនីខាងស្ដាំចំនួន ១ពូថៅ(ធ្ងន់) បច្ចុប្បន្ន អ្នកទាំង ២នាក់មានទីលំនៅភូមិ.ឃុំកើតហេតុ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនរងរបួសទាំង ២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយក្នុងទំនាស់នេះ មូលហេតុត្រូវបានគេរកឃើញថា មុនដំបូងជនរងរបួសទាំង ២នាក់រួមទាំងជនសង្ស័យដៃដល់ផង បាននាំគ្នាទៅផឹកស៊ីនៅកន្លែងផ្សេងហើយបានប៉ះទង្គិចពាក្យសម្ដីគ្នាមួយប្រ៉ាវរួចមកហើយ ដោយជនសង្ស័យដៃដល់អាក់អន់ចិត្តទើបនាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងកើតហេតុ ហើយបានរៀបចំកម្មវិធីស៊ីផឹកជុំគ្នាបន្ត ជាអកុសលបានប៉ះទង្គិចពាក្យសម្ដីគ្នាដែលសល់ចំហាយរឿងចាស់ ធ្វើឲ្យជនដៃដល់ចិត្តស្រាល ទាញពូថៅដៃកាប់យក៍ៗ ម្នាក់ៗចំពីរពូថៅរួចគេចខ្លួនបាត់ ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានចុះស្រាវជ្រាវ និងកំពុងកំណត់អត្តសញ្ញាណជនដៃដល់រួចហើយករណីខាងលើ ៕ ប៉ឹម ពិន


ចែករំលែក៖