ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច ក៏ព្យាយាមជិះម៉ូតូរត់ ថែមទាំងបក់ដៃហៅជនរងគ្រោះដេញតាមទៀត ធ្វើឲ្យជនរងគ្រោះខឹងស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ស្ថិតនៅភូមិ សំរោងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ លុន វិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកឯជនរងគ្រោះឈ្មោះ ធី ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកផែស្ងួតតេងឡាយ រស់នៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X6934ជិះតាមផ្លូវទំនប់កប់ស្រូវ លុះមកដល់ចំណុចកើតហេតុដល់កន្លែងបាញ់ស៊ីបចាស់ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1X 6845 បានឆក់ទូរស័ព្ទរបស់គាត់ក្នុងទិសដៅស្របគ្នាបន្ទាប់មកដោយជនសង្ស័យខាងលើឆក់ពុំបានឡើយ។
ជនសង្ស័យខាងលើដដែលបានបក់ដៃហៅរូបគាត់ឲ្យមកតាមគាត់ បន្ទាប់មកជនរងគ្រោះខាងលើ បានជិះម៉ូតូតាមពីក្រោយតិចៗ ដោយស្រែកប្រាប់ប្រជាពលរដ្ឋថា ចោរឆក់ទូរស័ព្ទរបស់គាត់ ។ បន្ទាប់មកប្រជាពលរដ្ឋបានជិះម៉ូតូដេញជនសង្ស័យ ដោយកំពុងនិយាយជាមួយ មនុស្សភេទទីបី (ខ្ទើយ)ហើយជន សង្ស័យខាងលើដោយឃើញជនរងគ្រោះ ស្រែកថា ចោរៗជនសង្ស័យខាងលើបានបើកម៉ូតូរត់ត្រឡប់ក្រោយវិញយ៉ាងលឿនហើយដួលម៉ូតូអូស រលាត់ដៃរលាត់ជើងហើយត្រូវបានប្រជាពលរដ្ឋ វាយ បន្ថែមបណ្តាលឲ្យបែក ក្បាលដាច់ស្លឹកត្រចៀកខាងស្តាំ ហូរឈាមស្រោចពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមនោះនគរបាលប៉ុស្តិ៍ សំរោងក្រោមនាំ ជនសង្ស័យខាងលើទៅ ព្យាបាលនៅ មណ្ឌលសុខភាព សង្កាត់សំរោងក្រោមមុន និងសួរនាំ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលសួរនាំជនសង្ស័យ ខាងលើ បាននិយាយថា រូបគាត់មិនបានឆក់ទូរស័ព្ទពីជនរងគ្រោះនោះឡើយចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីឲ្យចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ