ភ្នំពេញ ៖ ក្មេងទំនើង៤នាក់ គ្រាន់តែមើលមុខគ្នា មិនបានទេ ឌឺដងដាក់គ្នា ឈានដល់ជិះដេញវាយគ្នា យ៉ាងអនាធិបតេយ្យ ក៏ជ្រុលទៅបុកគ្នាបណ្ដាលឲ្យដួលទាំងសងខាង ហើយនៅតែវាយគ្នាទៀត បណ្ដាលឲ្យយុវជនម្នាក់បែកក្បាល តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង៤នាក់ រួចបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នៅត្រង់ចំណុចផ្លូវ២៧១ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្ស៊ី)។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ខាងលើមានឈ្មោះដូចជា ៖ ភាគី(ក) ជិះម៉ូតូ Suzuki Nex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GP-4588 ទី១.ឈ្មោះ ម៉េង ពៅ អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី២.ឈ្មោះ ណេ អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ និងភាគី(ខ) ជិះម៉ូតូ Dream 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HB-8481 ទី១.ឈ្មោះ ពៅ សិលា អាយុ១៧ឆ្នាំ មានទីលំនៅម្ដុំផ្សារឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី២.ឈ្មោះ វី វឌ្ឍនា អាយុ១៥ឆ្នាំ មានទីលំនៅម្ដុំបឹងត្របែក ខណ្ឌចំការមន ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex កំពុងធ្វើដំណើរពីលិចទៅកើត ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន មកពីក្រោយក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នា២នាក់ដូចគ្នា ជិះម៉ូតូមួយគ្រឿង ម៉ាក Dream 2018 រួចជិះដេញវាគ្នាទៅវិញទៅមក តាមផ្លូវ២៧១ រួចមើលមុខគ្នាលក្ខណៈឌឺដងចង់ចាញ់ចងឈ្នះ លុះមកដល់ចំណុចមុខពេទ្យរុស្ស៊ី ស្រាប់តែភាគីក្មេងទំនើងដែលជិះ Dream បានស្រែកថាភាគីក្មេងទំនើងជិះម៉ូតូ Nex ជា “ចោរៗ” ហើយក៏បុកគ្នាបណ្ដាលឲ្យដួលម៉ូតូទាំង២គ្រឿងតែម្ដង ហើយក្រុមក្មេងទំនើងដែលជិះម៉ូតូ Dream បានវាយទៅលើភាគីដែលជិះម៉ូតូ Nex បណ្ដាលឲ្យពកក្បាល ហើយភាគីដែលជិះម៉ូតូ Nex ក៏ស្ទុះទៅរើសមួកសុវត្ថិភាព យកមកវាយទៅលើភាគីដែលជិះម៉ូតូ Dream វិញ បណ្ដាលឲ្យបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
សាក្សីបន្ថែមទៀតថា ភ្លាមៗនោះគេឃើញកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ដែលនៅជិតនោះ ចេញជួយអន្តរាគមន៍ជួយឃាត់ខ្លួនបណ្ដោះអាសន្ននៅកន្លែងកើតហេតុតែម្ដង ហើយទាក់ទងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ចុះមកកន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់នោះ យកទៅប៉ុស្តិ៍ដើម្បីសាកសួរផងភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ Nex ជួយចេញថ្លៃលាងរបួសទៅឲ្យភាគីខាងម៉ូតូ Dream ដែលរងរបួសបែកក្បាល ចំនួន ៣០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ និងបានធ្វើកិច្ចសន្យា អប់រំណែនាំ ហៅអាណាព្យាបាលឲ្យមកយក ត្រលប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ ៕ ភារ៉ា ដង្កោ