ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេលិចផ្លូវ និងខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូលសាលារៀនគយត្របែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ភ្លៀងរយះពេលជាង២ម៉ោង បណ្ដាលឲ្យជន់លិចតាមផ្លូវ និងផ្ទះប្រជាពលរដ្ឋ និងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ធ្វើឲ្យដំបូលសាលារៀន ផ្ទះអ្នកភូមិ ត្រូវរបើក កាលពីវេលាម៉ោងចន្លោះម៉ោង១២ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលដួលរលំ និងរបើកដំបូលមានម្ចាស់ឈ្មោះរ៉ាន សុខា អាយុ ៥៣ ឆ្នាំមុខរបរកសិករ និងឈ្មោះ នេត សាវន អាយុ ៤៥ ឆ្នាំ មុខរបរកសិករ និងសាលារៀន ហ៊ុន សែនគយត្របែក របើកដំបូលអស់១៣សន្លឹក ក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ចាប់តាំងពី​ដើមខែតុលា ឆ្នាំ២០១៨ នៅក្រុងស្វាយរៀង ពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ ហើយនេះ ក៏ជាលើកទី២ ហើយសម្រាប់ក្រុងស្វាយរៀងក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យ​ជន់លិចដូច្នេះ ។

ទន្ទឹមនឹងនោះ គេឃើញនៅតាមដងផ្លូវ ក៏​មានការ​ដួលរលំស្លាក ប៉ាណូ រួមទាំងមែកឈើជាច្រើនផងដែរ ។

ក្រោយភ្លៀងធ្លាក់ មានវត្តមានអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះកាយស្តារយកសំរាមចេញតាមមាត់លូ និងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដែលកើតមានឡើង ហើយជាពិសេសបញ្ហាខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ ជាដើម៕ យឹម សុថាន


ចែករំលែក៖