ខេត្តសៀមរាប ៖ ពិតជាមិនធម្មតាមែន លោក រិទ្ធ បញ្ញា អធិការនគរបាលរងក្រុងសៀមរាបទទួលបន្ទុករដ្ធបាលប៉ុស្តិ៍ត្រូវបានកូនចៅថ្នាក់ក្រោមសរសេរបង្ហោះផឹកស្រាស្រវឹងជោកជាំមករករឿងកូនចៅថ្នាក់ក្រោមនៅកន្លែងធ្វើការ ក្នុងអធិការដ្ឋាននគរបាលក្រុងសៀមរាប ថែមទាំងទាញកាំបិតគប់មកលើជនរងគ្រោះ ដែលត្រូវជាកូនចៅម្នាក់ ឈ្មោះលីវ សុឈុនលេង បណ្តាលឲ្យបែកក្បាលរយះហូរចេញឈាម និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០ និង៤៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។
យោងតាមប្រភពពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ហេតុអីខ្លួនជាថ្នាក់ដឹកនាំបែរជាមិនគោរពតួនាទីផឹកស្រាស្រវឹង មករករឿងកូនចៅឬមួយអាងខ្លួនជាមេគេ ចង់ធ្វើអ្វី តាមតែចិត្តមែនទេ? ។
បើរតាមលោកលីវ សុឈុនលេង ជនរងគ្រោះបានបា្រប់ឲ្យដឹងការពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ថា មុនដំបូង រូបខ្ញុំឈ្មោះ លីវ សុឈុនលេង ភេទប្រុស អាយុ ២៨ ឆ្នាំ កំពុងអង្គុយប្រចាំការនៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់តែលោកអធិការរងខាងលើ បានស្រវឹងជោកជាំមិនដឹងមកពីណា ប្រើពាក្យសម្តីមិនសមរម្យ មកលើរូបខ្ញុំ ពេលនោះក៏ប្រកែកគ្នាបន្តិចបន្តួច ហើយលោកអធិការរងខឹងសម្បា ក៏ទាញយកកាំបិតដែលនៅជិតខ្លួនស្រាប់ គប់មកលើរូបខ្ញុំ បណ្តាលឲ្យបែកក្បាលរយះហូរចេញឈាម ។ ភ្លាមៗ រូបខ្ញុំមិនបានតបតវិញទេ ហើយដើរចេញទៅរកពេទ្យដើម្បីព្យាបាលរបួសតែម្តង ។
ជនរងគ្រោះបានបន្ថែមថា បើរូបលោកមិនបានគេចទាន់ពេលទេ ប្រហែលរូបលោកត្រូវដេកពេទ្យជាមិនខាន ។
លោកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានប្រាប់ថា លោកអត់បានដឹងទេ ជារឿងបុគ្គល ។
បើតាមប្រភពមួយបានលួចខ្សឹបប្រាប់ថា លោកអធិការនគរបាលរងក្រុងសៀមរាបនេះ មានវ័យក្មេង ទើប នឹងចូលកាន់តំណែងបានជាងមួយឆ្នាំទេ អីចឹងហើយទើបនៅមានចិត្តឆេវឆាវមិនស័ក្តិសម នឹងតូនាទីជាថ្នាក់ដឹកនាំទេ នេះមកពីចូលតាមខ្សែ មិនបានចូលសាលាទេ ៕ ប៊ុនរិទ្ធី