ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ក្នុងថ្ងៃតែមួយ ម្នាក់ស្លាប់លង់ទឹក និងម្នាក់ទៀត ចងកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្ស២នាក់បានស្លាប់នៅថ្ងៃតែមួយ ម្នាក់ស្លាប់ដោយលង់ទឹក និងម្នាក់ទៀតស្លាប់ដោយចងកសម្លាប់ខ្លួន ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០១៨ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីទី១ កើតឡើងនៅចំណុចអាងកំសាន្តអូរខៃដនឋិតក្នុងភូមិកូនដំរី ចំណែកករណីទី២ ឋិតនៅភូមិគីឡូត៍លេខ4 សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះក្នុងករណីទី១មានឈ្មោះរត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពប្រាប់ថា មុនកើតហេតុ គេឃើញក្រុមបក្ខពួកជនរងគ្រោះចុះងួតទឹកខាងក្រោមទ្វារទឹកហូរ ចំណែកជនរងគ្រោះលេងទឹកឆ្ងាយជាងគេ ដោយខ្លួនមិនចេះហែលទឹកលុះមួយសន្ទុះបាត់ជនរងគ្រោះមើលមិនឃើញ ក៏ស្រែកឆោឡោ នាំគ្នាទៅរក ក៏ប្រទះឃើញក៏ជួយសង្គ្រោះតែអកុសលជនរងគ្រោះស្លាប់បាត់ ។

ចំណែកករណីទី២ សពជនរងគ្រោះ ឈ្មោះហៃ តាន់ ហៅញ៉ាញ់ ភេទប្រុស អាយុ35ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគិឡុលេខ4 សង្កាត់ផ្សារកណ្ដាល ។ ជាបុរសពោះម៉ាយ ចិញ្ចឹមកូនប្រុស ស្រី3នាក់ នៅក្នុងបន្ទុក ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបុរសពោះម៉ាយនេះ បានចងកសម្លាប់ខ្លួន នឹងខ្សែផ្លាស្ទិចទៅ នឹងដើមសង្កែមាត់អូរព្រំដែន ។ ក្រោយពីការត្រួតពិនិត្យលើដងខ្លួនគ្មានស្លាកស្នាមអំពើឃាតកម្មទេ។

យោងតាមការសាកសួរចំពោះស្ត្រីជាម្ដាយក្មេកប្រាប់ថា កូនប្រសារដែលចងកនោះ ក្នុងរយះពេល១៥ថ្ងៃកន្លងទៅបានរត់ឲ្យគាត់ជួយ ដោយនិយាយថា មានប៉ូលិសដេញចាប់ ដូច្នេះសពបុរសចងក អាចពាក់ពន្ឋជំងឺសរសៃប្រសាទ ។

សមត្ថកិច្ចបន្ថែមថា: បុរសពោះម៉ាយរូបនោះបែកពីប្រពន្ធរយះពេលពីរឆ្នាំមកហើយ ដោយសារតែជំពាក់ប្រាក់គេច្រើន ប្រពន្ធសុំទៅប្រទេសថៃ ដើម្បីរកប្រាក់សងគេ ដោយទុកឲ្យប្ដីរកស៊ីចិញ្ចឹមកូន ក្រោយមក ទើបលេចឮប្រពន្ធដែលទៅរកស៊ីនៅប្រទេសថៃ មានប្ដីមានទាំងកូនស្រីមួយទៀត ។

សពទាំងពីរខាងលើ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖