លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃកែវសីមា ដែលទើបតែតែងតាំងដោយរដ្ឋបាលសាលាខេត្តមណ្ឌលគិរី មិនបានមួយខែផង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើ ។ មន្ត្រីដែនជម្រកសត្វព្រៃដែលមានតួនាទីជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ បានក្លាយទៅជាអ្នកដែលឃុបឃិត ឬដើមចមកសាងបទល្មើសទៅវិញ ។ ក្រៅពីការប្រមូលប្រាក់តាមរថយន្តម៉ូតូដឹកជញ្ជូនឈើ មន្ត្រីដែនជម្រកសត្វព្រៃជាអ្នកដែលគៀងគរឲ្យប្រជាពលរដ្ឋកាប់ព្រៃដើម្បីយកដី ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅតំបន់ស្រែអំពុយ ស្ថិតក្នុងភូមិស្រែឈូក ស្រុកកែវសីមា កម្លាំងសហគមន៍ សហការជាមួយមន្ត្រីអាជ្ញាធរដែនដីចាប់មេខ្យល់៦នាក់ ដែលធ្វើចលនាឲ្យប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃ ។ បើតាមមន្ត្រីអាជ្ញាធរស្រុកកែវសីមាមួយរូបអះអាងថា រឿងកាប់រានដីព្រៃនេះ ជារឿងធំដែលពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។ ពោលគឺការបញ្ជូនលោកព្រំ សុវណ្ណា និងសៀង ស៊ីណា ឲ្យមកធ្វើជាថ្នាក់ដឹកនាំ ដែនជម្រកសត្វព្រៃកែវសីមា មានភារកិច្ចស្នួលក្នុងរឿងនេះដែរ ។ ហេតុដូច្នេះហើយ ទើបបានជាគ្រាន់តែមកដល់ភ្លាម មានចរន្តនៃការចូលព្រៃ កាប់បំផ្លាញព្រៃឈើប្រាថ្នាយកដី ។
ពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើវិញ បុរសម្នាក់ដែលជាអ្នករកស៊ីដឹកជញ្ជូនឈើតាមម៉ូតូបាននិយាយថា សព្វថ្ងៃនេះ លោកសៀង ស៊ីណា ហៅសិលា ដែលជាប្អូនប្រុសអតីតមេយោធាខេត្ត គឺជាអ្នកដាក់កម្លាំងឈរជើងនៅខ្ទមអ្នកតាមួយកន្លែង ស្ថិតនៅភូមិ ពូចា ឲ្យចាំយកលុយពីពួកគេ មានទាំងដាក់ខែ និងយកលុយប្រចាំថ្ងៃ ។ ក្រុមអ្នករកស៊ីដឹកឈើតាមម៉ូតូនិយាយថា មន្ត្រីដែលបោះតង់នៅចំណុចខ្ទមអ្នកតា ភូមិពូចា ជាកូនចៅរបស់លោក សៀង ស៊ីណា ។ ក្នុងមួយខែពួកគេត្រូវបង់ប្រាក់ឲ្យកូនចៅលោកសៀង ស៊ីណា ចាប់ពី៦០ម៉ឺនរៀល ដល់១លានរៀល ។
ក្រុមអ្នកសង្កេតការដែលឃ្លាំមើលកិច្ចការនេះអះអាងថា លោកព្រំ សុវណ្ណា និងលោកសៀង ស៊ីណា នាយ និងនាយរងដែនជម្រកសត្វព្រៃកែវសីមា កំពុងតែបំពេញផែនការ និងយុទ្ធសាស្ត្រឲ្យថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។ នរណាក៏ដឹងដែរថា បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ដែលអានអក្សរខ្មែរមិនដាច់នោះ ត្រូវបានថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីញាត់បញ្ចូលឲ្យមានតួនាទីជា នាយរងដែនជម្រកសត្វព្រៃកែវសីមា ។ គេនិយាយថា វត្ថមានលោក សៀង ស៊ីណា គឺជាភ្នែកច្រមុះថ្នាក់ដឹកនាំខេត្ត ៕