ខេត្តកំពង់ឆ្នាំង៖ ភេសជ្ជៈចម្រុះខូចគុណភាពប្រមាណជិត២តោន ត្រូវបានសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញនៅចំណុចចំណតរថយន្តផ្សារលើខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តិការរុករកទំនិញខូចគុណភាពនេះ ត្រូវបានធ្វើឡើងដោយកម្លាំងសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយអាជ្ញាធរក្រុង និង មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង ។
លោកយីវ ណារិនប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចកាំកុងត្រូលរកឃើញនេះ មានម្ចាស់ឈ្មោះ ម៉ែន សារឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ។ ទំនិញដែលខូចគុណភាពទាំងនេះមានចំនួន១៣មុខ ស្មើនិង៤៣៨៨កំប៉ុង និង ស្មើចំនួន១៧០១គីឡួក្រាម ជាប្រភេទភេសជ្ជៈ ដែលហួសកាលបរិច្ឆេតនៃការប្រើប្រាស់ ទំនិញខ្លះអស់សុពលភាពតាំងពីឆ្នាំ២០១៧មកម្លេះ ដែលម្ចាស់នៅតែបន្តដាក់លក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដែលករណីនេះ គឺធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លំាង ។
ក្រោយពីរកឃើញទំនិញខូចគុណភាពនេះ សមត្ថកិច្ចកាំកុងត្រូលបានប្រមូលយកទៅរក្សាទុកនៅ ស្នាក់ការសាខាកាំកុងត្រូលខេត្ត ដើម្បីទុកដុតកម្ទេចចោល ។
ក្រោយពីប្រមូលអស់នូវទំនិញខូចគុណភាពនេះ មន្រ្តីជំនាញកាំកុងត្រូល បានឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលក់ទំនិញខូចគុណភាពនេះជាបន្តទៅទៀត ប្រសិនបើមិនរៀងចាលនោះទេ ម្ចាស់ទំនិញត្រូវតែទួលខុសចំពោះច្បាប់ជាធរមាន ៕ ចន្ថា