ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចវែកមុខឃាតកសម្លាប់ជនរងគ្រោះច្រកការុងទម្លាក់ក្នុងអណ្តូង ក្នុងព្រៃស្វាយចន្ទី នៅស្រុកកូនមុំ កាលពី៦ខែ មុននោះបានហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីឃាតកម្មសម្លាប់ច្រកការុងទម្លាក់ ក្នុងអណ្តូងទឹក ក្នុងចម្ការស្វាយចន្ទី កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី កន្លងទៅ ដែលមានរយៈពេល៦ខែ១២ថ្ងៃមកហើយនោះ ត្រូវកម្លាំងការិយាល័យ ជំនាញព្រហ្មទណ្ឌ ខេត្ត សហការកម្លាំងអធិការស្រុកកូនមុំ បានស្រាវជ្រាវឃាត់ខ្លួនបានហើយ ។

ការឃាត់ខ្លួនជនសង្ស័យនោះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះឈ្មោះ គៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ ឃុំខាងលើ ។

ប្រភពបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរទៅជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះឈ្មោះស៊ូ សៀក ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុខរបរដើរទិញឈើឌុប និងម៉ូតូយកមកលក់ក្នុង ក្រុងបានលុង ដោយវាយច្រកការុងទម្លាក់ក្នុងអណ្ដូងពិតប្រាកដមែន ។

ជនសង្ស័យសារភាពបន្តថា ដោយមូលហេតុខឹងជនរងគ្រោះជំពាក់លុយថ្លៃទិញឈើមិនព្រមសងខ្លួន ក៏មានគំនិតទូរសព្ទហៅជនរងគ្រោះមកដល់កន្លែងកើតហេតុ ក៏កាប់មួយកាំបិតផ្គាក់ចំកញ្ចឹងកពីក្រោយបណ្ដាលឲ្យស្លាប់នៅ នឹងកន្លែងកើតហេតុ រួចក៏យកដឹកយកសាកពស និងម៉ូតូទៅទម្លាក់ក្នុងអណ្ដូងតែម្តង ហើយក្នុងសកម្មភាពនេះ គឺខ្លួនធ្វើតែម្នាក់ឯងគត់ ។

បន្ទាប់ពីស្តាប់ចម្លើយសារភាពរួចមក កម្លាំងរួមជាមួយក្រទ្បាបញ្ជីព្រះរាជអាជ្ញាបាននាំជនសង្ស័យទៅចង្អុលបង្ហាញ ពីទីតាំងកន្លែងប្រព្រឹត្តិបទល្មើសព្រមទាំងអណ្តូងទឹកជាកន្លែងទម្លាក់សាកសពចូល ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីបំពេញបែបបទ សំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់ផងដែរ ។

សាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនជាង៣ខែមកហើយនោះ ត្រូវបានអ្នករើសស្វាយចន្ទីប្រទះឃើញនៅក្នុងអណ្តូង ក្នុងព្រៃចំការចន្ទីមានគ្រោងឆ្អឹង និងម៉ូតូមួយគ្រឿងដោយចៃដន្យ ។

ប្រពន្ទជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានបាត់ខ្លួនជាង៣ខែមកហើយ បន្ទាប់ពីមានគេទូរស័ព្ទហៅចេញពីផ្ទះ ហើយរូបគាត់ជាប្រពន្ធបានប្ដឹងសមត្ថកិច្ចព្រមទាំងបាននាំសាច់ញាតិមិត្តភក្តិ បានជួយស៊ើប និងដើររកគ្រប់ទីកន្លែងទាំងអស់ដែរ នៅតែមិនឃើញ ។ រហូតមកដល់អ្នករើសចន្ទីបានប្រទះឃើញម៉ូតូ និងឆ្អឹងដោយចៃដន្យនៅក្នុងអណ្ដូងក្នុងព្រៃចន្ទីនោះ ទើបរូបគាត់បានដឹងថាប្តីរបស់គាត់ត្រូវគេសម្លាប់ហើយ ហើយគាត់បាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះនៅថ្ងៃនោះ ប្ដីគាត់បានឌុបឈើ១ ដុំមកដល់ផ្ទះហើយងូតទឹក ស្រាប់តែមានគេទូរស័ព្ទហៅគាត់ឲ្យទៅមើលឈើ គាត់ក៏ជិះម៉ូតូចេញទៅនៅចន្លោះម៉ោង២ ទៅម៉ោង៣រសៀល ។ រហូតដល់ល្ងាចថ្ងៃដដែល ប្រហែលជាម៉ោង៥ កូនស្រីគាត់ ក៏ទូរស័ព្ទទៅរកឪពុក តែមិនមានអ្នកលើក កូនស្រីគាត់ក៏ទូរស័ព្ទចូលលើកទី២ ស្រាប់តែមានគេចុចបិតបន្ទាប់មកចុចទូរស័ព្ទលែងចូលរហូត ។

ប្រពន្ធសពជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីបាត់ប្ដីមិនមានដំណឹងបែបនេះ រហូតជាច្រើនថ្ងៃខែមកហើយ គ្មានតម្រុយសោះទើបគាត់សម្រេចចិត្តធ្វើបុណ្យគម្រប់១០០ថ្ងៃជូនប្ដីគាត់ មុនពេលគេរកឃើញគ្រោងឆ្អឹងនោះ៥ថ្ងៃហើយផងដែរ ។

លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការ ខេត្តថា ជនដៃដល់បានយកសពទម្លាក់ចូលក្នុងអណ្ដូង មុនទើបយកម៉ូតូជនរងគ្រោះទម្លាក់តាមក្រោយ ក៏ប៉ុន្តែម៉ូតូមិនបានធ្លាក់ដល់បាតអណ្ដូងទេ ហើយជនដៃដល់បានយកជំនៀរឈើមកគ្របពីលើមាត់អណ្ដូងតែពេលនោះប្រជាពលរដ្ឋដើររើសគ្រាប់ស្វាយចន្ទីក៏មានការសង្ស័យ បើកវែកជំនៀរឈើនោះ ក៏ប្រទះឃើញម៉ូតូនៅទើរពាក់កណ្តាលអណ្តូង រួចហើយក៏រត់ទៅរាយការណ៍ ជូនសមត្ថកិច្ចតែម្ដង ឲ្យមកត្រួតពិនិត្យក៏ប្រទះឃើញទាំងគ្រោងឆ្អឹង សាកសពច្រកការុងនៅបាតអណ្តូងនោះទៀតផង ។

ក្រោយមានហេតុការណ៍បែបនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវបន្តរហូតវែករកមុខឃាតក ជនដៃដល់នោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖