ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន២នាក់បងប្អូនបាននាំគ្នារត់លេង ស្រាប់តែមានសត្វឆ្កែមួយក្បាល ដែលមានម្ចាស់ចិញ្ចឹមនៅផ្ទះក្បែរនោះ បានមកខាំក្មេងទាំង២នាក់ឲ្យរងរបួសធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅបរិវេណផ្ទះជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយម្ចាស់ឆ្កែបង្កនោះហាក់បីដូចជាមិនចង់ទទួលខុសត្រូវ ទើបភាគីខាងម្តាយរងគ្រោះនាំមកប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បីជួយដោះស្រាយ។
ក្មេងរងគ្រោះ ទាំង២នាក់បងប្អូន ទី១ ឈ្មោះ ហេង សក្កណា ភេទស្រី អាយុ៧ឆ្នាំ របួសពេញផ្ទៃមុខ និងភ្នែក ទី២ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៣ឆ្នាំ រងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក ។ ទាំង២នាក់រស់នៅក្នុងបន្ទុក ម្តាយឈ្មោះ ប៊ុន ចាន់ណា អាយុ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្រ្តីម៉េម៉ាយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្មេងរងគ្រោះទាំង២ ជាកូនទី២និងទី៣ ស្នាក់នៅបន្ទប់ជួលលេខ២អា ជាន់ទី១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើត ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បើតាមសម្តីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់បាននាំគ្នារត់លេងក្នុងបរិវេណផ្ទះជួលស្រាប់តែដល់វេលាកើតហេតុសត្វឆ្កែមួយក្បាលបានមកខាំកូនគាត់ទាំង២នាក់បណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយមក គាត់ក៏ហៅរថយន្តសង្គ្រោះកងពលតូច៩១១ មកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយក៏បាននិយាយសម្រួលដោយចង់ឲ្យម្ចាស់ឆ្កែទទួលខុស ត្រូវតែម្ចាស់ឆ្កែហាក់បីដូចជាមិនខ្វល់ ។ បន្ទាប់មកទើបម្ចាស់ឆ្កែព្រមសងថ្លៃព្យាបាលជំងឺចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង តែភាគីខាងរងគ្រោះមិនព្រម ដោយទាមទារសំណងចំនួន២០០០ដុល្លារ ។
មិនត្រឹមតែប៉ុណ្ណោះម្ចាស់ឆ្កែ ថែមទាំងជំរុញឲ្យភាគីរងគ្រោះដើរប្តឹងចុះ ទើបភាគីរងគ្រោះមិនសុខចិត្ត រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីសងខាងចូលនិយាយគ្នានៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ចោមចៅ ដោយភាគីម្ចាស់ឆ្កែ ហានឲ្យត្រឹម៥០០ដុល្លារបញ្ចប់រឿង ខណៈដែលភាគីរងគ្រោះទាមទា២០០០ដុល្លារ ក៏ដោយសារ ភ្នែកកូនស្រីម្ខាងរងរបួស មិនទាន់ដឹងថា វាសនាយ៉ាងដូចម្តេចផង ។
ដំណោះស្រាយ រឿងសត្វឆ្កែម្ចាស់ចិញ្ចឹមហើយ បង្កខាំក្មេង២នាក់បងប្អូនបណ្តាលឲ្យរងរបួសធ្ងន់ សមត្ថកិច្ចដោះស្រាយមិនទាន់ចេញនៅឡើយ ខណៈដែលភាគីម្ចាស់សត្វឆ្កែ ដូចជាក្រអើតក្រទម ត្រូវបានវិលត្រឡប់ទៅវិញរៀងខ្លួនសិន ៕ សុខាសែនជ័យ