ព័ត៌មានទាន់ហេតុការណ៍៖

ពុលសម្លកកូរផ្សិតមួយគ្រួសារស្លាប់ម្នាក់ និងមានអាការធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅ ឯមន្ទីរពេទ្យ និង៥នាក់ទៀតមានអាការធ្ងន់ ស្រាលក្រោយរងការពុលសម្លកកូរផ្សិតហូប បាយជុំគ្នាកាលពីព្រលប់ថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត នៅចំណុចភូមិរំចេក ឃុំស្រយ៉ង់ ស្រុក គូលែន ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែនបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានដកផ្សិតកញ្ចូរពីក្នុងព្រៃយកមកឲ្យម្តាយស្លកកូរហូបជុំគ្នាពេលល្ងាច។

បន្ទាប់ពីហូបបានរយៈពេល១ម៉ោង ជនរងគ្រោះជាឪពុក និងកូនប្រុស ដែលជាអ្នកដកផ្សិតនោះមានអាការហៀរទឹកមាត់ ក្អួតចង្អោរ ចុកពោះ ដោយពុលខ្លាំងជាង គេ។ ពេលឃើញអាការ ដូច្នោះជនរង គ្រោះទាំង២ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រុកគូលែន តែអកុសលជនរងគ្រោះជាឪពុកដែល មានអាការពុលធ្ងន់ធ្ងរជាងគេបានស្លាប់ បាត់បង់ជីវិត ។ ដោយឡែកកូនប្រុសត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារហើយម្តាយនិងកូន៣នាក់ទៀតពុលបន្តិចបន្តួចប៉ុណ្ណោះ ត្រូវបានសង្គ្រោះបឋមនៅក្នុងភូមិ ។

លោកអធិការបានឲ្យដឹងទៀតថា ជន រងគ្រោះជាឪពុក ដែលស្លាប់មានឈ្មោះ ស្រី លួន អាយុ៦៧ឆ្នាំ ចំណែកកូន ប្រុសឈ្មោះ ស្រី យ៉ា អាយុ២៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រោយការពិនិត្យសាកសពជនរង គ្រោះដោយកម្លាំងជំនាញវិទ្យាសាស្ត្របច្ចេកទេសរបស់អធិការដ្ឋាននគរបាលស្រុកគូលែនសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលឃុំស្រយង់អាជ្ញាធរមូលដ្ឋានក្រុមគ្រូពេទ្យ និងគ្រួសារជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារពុលសម្លកកូរផ្សិតប្រាកដមែនព្រោះមានហៀរទឹក មាត់ តាមដងខ្លួនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ ទើបសមត្ថកិច្ចប្រគល់សាកសពជូនក្រុម ក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកលោក សុក វាសនា ប្រធាន មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ វិញបានឲ្យដឹងថា ជនរងគ្រោះដែលពុលផ្សិតធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់លោកពេលនេះមានអាការធូរស្រាលហើយ។

ករណីនេះដែរលោក ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលទទួល រងការពុលផ្សេងៗ សូមប្រញាប់ប្រញាល់ មកមន្ទីរពេទ្យឲ្យបានទាន់ពេលវេលាដើម្បីក្រុមគ្រូពេទ្យអាចជួយសង្គ្រោះជីវិតបាន និង មិនត្រូវហូបបន្លែបង្ការណាដែលសង្ស័យថាមានជាតិពុលនោះឡើយ ៕


ចែករំលែក៖