ខេត្តកំពង់ឆ្នាំង៖ ប្រជាជនវៀតណាម ដែលរស់នៅលើផ្ទះបណ្តែតទឹកនៅបឹង ទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំងមានប្រមាណ ២.៣៩៧គ្រួសារ ស្មើ១០.០៨៧នាក់។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបន្លាស់ ទីផ្ទះបណ្តែតទឹកទាំងនោះឡើងលើគោក ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ។
ចំពោះចំនួនផ្ទះបណ្តែតទឹកដែលអាជ្ញាធរខេត្តបានរៀបចំឲ្យឡើងមករស់នៅលើគោកមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨ មិនត្រូវបានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងប្រាប់ឲ្យដឹងនៅឡើយទេ។ លោកអភិបាលខេត្តគ្រាន់តែ អះអាងថា ក្រុមការងារធ្វើបានច្រើនហើយ និងកំពុងតែបន្តធ្វើការជាបន្តទៀត។
ការងារបន្លាស់់ទីជនជាតិវៀតណាម រស់នៅផ្ទះបណ្តែតទឹកនៅលើបឹងទន្លេ សាបក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួមពីសំណាក់ មន្ត្រីជំនាញ និងអភិបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសថា យន្តការបន្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ឲ្យទៅរស់នៅលើគោក ដើម្បីងាយស្រួលគ្រប់គ្រងជនអន្តោប្រវេសន៍ ជាពិសេសជាយន្តការដោះស្រាយផលប៉ះពាល់បរិស្ថានទន្លេទប់ស្កាត់បទល្មើសនេសាទ និងគ្រឿងញៀនជាដើម ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមការងារចម្រុះខេត្ត បានអូសផ្ទះបន្លាស់ ទីផ្ទះជនជាតិវៀតណាម លើបឹងទន្លេសាប ចំនួន៦គោលដៅនៅស្រុកជលគិរី ស្រុក កំពង់ត្រឡាច ស្រុកបរិបូណ៌ និងនៅក្រុង កំពង់ឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង។ អាជ្ញាធរ ខេត្តកំពង់ឆ្នាំងបានរៀបចំទីតាំងមួយកន្លែងនៅលើគោកសម្រាប់ជនជាតិវៀតណាមទាំងនោះ រស់នៅ គឺស្ថិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
យ៉ាងណាក៏ដោយអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ហើបថាការបន្លាស់់ទីជនជាតិវៀតណាម ចេញពីផ្ទះបណ្តែតទឹកនៅទន្លេសាប ឲ្យឡើងទៅរស់នៅលើគោក នៅកន្លែងថ្មី មានការយឺតយ៉ាវដោយសារតែជនជាតិ វៀតណាមមួយចំនួន មិនយល់ព្រម។ ដូច្នេះហើយ ទើបបានជាមានកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨៕ ចន្ថា