ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆក់ទូរស័ព្ទ ប៉ូលិសឃាត់ខ្លួនជាក់ស្តែង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដើរឆក់ទូរស័ព្ទដៃ​ ។

ករណីឃាត់ខ្លួនកើតឡើងកាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង ២០ នាទី ។

ការឃាត់ខ្លួនធ្វើឡើងដោយកម្លាំងជំនាញរបស់ការិយាល័យ បន្ទាប់ពីបានស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងនៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក IPhone 7Plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៥០ នាទី ។

ការឃាត់ខ្លួនជនសង្ស័យ ប៉ូលិសបានចាប់យកវត្ថុតាង មធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។

ជនសង្ស័យឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ ស៊ិន វិសាល ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះមិនចាំលេខ ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថតាងជាមធ្យបាយធ្វើសកម្មភាពដែលចាប់យកបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៩៤៨៣៣៧៣ ពាក់ស្លាកលេខ ភ្នំពេញ១FO-៣០០៣ ចាប់យកពីឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា និងម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក សេរីឆ្នាំ ២០១៥ លេខតួ-លេខម៉ាស៊ីន ១១៤៣១៣ ពាក់ស្លាកលេខ ភ្នំពេញ១HF-៧២៥៩ ចាប់យកពីឈ្មោះ ស៊ិន វិសាល ។

ជនរងគ្រោះក្នុងករណីនេះឈ្មោះ ប៊ិន គង្គាពិសី ភេទ ស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានបាត់បង់ទូរសព្ទ័ដៃម៉ាក IPhone 7Plus ពណ៌ ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖