ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាលែបខាយប្រពន្ធគេ គ្រាន់តែប្ដីគេថាបន្ដិចបន្តួច យកខ្សែក្រវាត់វាយរងរបួសក្បាលយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ស្រវឹងស្រាជោកជាំទៅលេងបុណ្យកឋិនទានក្នុងវត្ដ ឃើញស្រ្ដីជាអ្នកលក់ដូរគ្រឿងក្លែម នៅក្នុងបរិវេណវត្ដមើលទៅទំនង ក៏បែកគំនិតទៅលែបខាយពាក្យសម្ដី មិនសមរម្យទៅលើស្រ្ដីជាអ្នកលក់ ធ្វើឲ្យបុរសជាប្ដីរបស់ស្រ្ដីនោះ មានចិត្ដប្រច័ណ្ឌ ក៏បាននិយាយបន្ដិចបន្តួចទៅលើជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹង ក៏យកខ្សែក្រវាត់ទៅវាយជនរងគ្រោះជាប្ដីស្រ្ដីលក់ដូរ បណ្ដាលឲ្យទទួលរងរបួសបែកក្បាលយ៉ាងដំណំ ។

ករណីហិង្សាដោយចេនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណវត្តខ្ពប ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូ ហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សេន លាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ខ្សែក្រវាត់ចំនួន១ ពណ៌ខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំ បន្ទាប់ពីផឹករួចមកដល់វេលាយប់ ជនសង្ស័យបានទៅលេងបុណ្យកឋិនទានក្នុងវត្ដខ្ពប ដោយក្នុងកម្មវិធីបុណ្យនោះមានតន្រ្ដីសម័យលេងផងដែរ ហើយជនសង្ស័យបានមើលតន្រ្ដីរហូតដល់ចប់ ក្រោយពីមើលចប់ ជនសង្ស័យបានដើរទៅរកកន្លែងផឹកបន្ដទៀត ដោយចូលទៅកន្លែងលក់ដូរគ្រឿងក្លែមរបស់ប្រពន្ធជនរងគ្រោះ ដោយឃើញស្រ្ដីប្រពន្ធជនរងគ្រោះមើលទៅទំនង ក៏លែបខាយពាក្យសម្ដីមិនសមរម្យទៅលើស្រ្ដីជាអ្នកលក់ ជាហេតុធ្វើឲ្យប្ដីរបស់ស្រ្ដីរងគ្រោះមានចិត្ដខឹងនិងប្រច័ណ្ឌ ក៏ថាឲ្យជនសង្ស័យបន្ដិចបន្ដួចនិងដេញជនសង្ស័យចេញពីកន្លែងលក់ដូរ ធ្វើឲ្យជនសង្ស័យខឹង ក៏ទាញខ្សែក្រវាត់ទៅវាយក្បាលជនរងគ្រោះមួយខ្សែក្រវាត់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះបែកក្បាលរងរបួសយ៉ាងដំណំ ។

ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាលបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖