ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តសណ្តោងរ៉ឺម៉ក បុកម៉ូតូចំពីក្រោយរួច ដាក់មេផាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំ មានសណ្តោងរ៉ឺម៉ក១គ្រឿង បើកបរពាក់កណ្តាលអធ្រាត្រដោយល្បឿនលឿន បានជ្រុលចង្កូតបុកម៉ូតូ១គ្រឿង ចំពីក្រោយ កំពុងបើកស្របទិសគ្នា ស្រាប់តែអ្នកបើកបរមិនព្រមទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់រួច បានដាក់មេផាយបាត់ស្រមោល ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៤ ក្នុងភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ។

នគរបាលចរាចរណ៍បានប្រាប់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1705 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ តាកែវ 4A-0004 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាក Exciter ពណ៌លឿងទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ភិន ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឆ្លើយបំភ្លឺសមត្ថកិច្ចថា មុនពេលកើតហេតុ គេកំពុងបើកម៉ូតូលើផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ឆ្ពោះទៅផ្ទះ ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្រាប់តែរថយន្តបង្កខាងលើ បុកម៉ូតូចំពីក្រោយ បណ្តាលឲ្យខ្ទាតទាំងខ្លួនគេ និងម៉ូតូទៅដល់ចិញ្ចើមថ្នល់ ដោយម៉ូតូខូចខាតធ្ងន់ធ្ងរ តែគេសំណាងខ្ពស់គ្រាន់តែរបួសស្រាល ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនបង្ក សង្ស័យរូបគេរបួសធ្ងន់ ទើបមិននៅដោះស្រាយតាមផ្លូវច្បាប់ បានដាក់មេផាយចោលរថយន្ត បាត់ស្រមោល ។

ក្រោយកើតហេតុ ប៉ូលិសចរាចរ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ យកយានយន្តទាំង២គ្រឿង នាំមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត រង់ចាំឲ្យភាគីទាំងសងខាង ចូលដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖