ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រើប្រាស់ល្បឿនលឿន​បុកម៉ូតូបត់ឆ្វេងខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់បុរសម្នាក់ស្លាប់ ។

រថយន្តម៉ាក ម៉ាស់ស្តា ពណ៌បៃតងចាស់ ស្លាកលេខខេមរភូមិន្ទ 02.2-4281 បើកបរដោយឈ្មោះ អុី.រត្ន័ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង) ។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F.1021 បើកបរដោយឈ្មោះ សាន ភាច ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព) ។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំការដោះស្រាយតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖