ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់បង្ក្រាបអ្នកជួញដូរគ្រឿងញៀន២នាក់ដកហូតថ្នាំញៀន២៤កញ្ចប់ និងឧបករណ៍លួចម៉ូតូមួយចំ​នួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល ផ្នែកអន្តរាគមន៍ខណ្ឌបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនព្រមទាំងដកហូតបានថ្នាំញៀនចំនួន២៤កញ្ចប់ ព្រមទាំងវត្ថុតាងសម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូមួយចំនួនទៀត ។

ប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១.ឈ្មោះ រស់ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិត ទី២.អួន សិទ្ធី ភេទប្រុស អាយុ៣៩ មុខរបរជួញដូរ អ្នកទាំង២បាក់នេះស្នាក់នៅភូមិខាងលើ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យរួច កម្លាំងនគរបាលបានរកឃើញថ្នាំញៀនចំនួន២៤កញ្ចប់ ក្នុងនោះកញ្ចប់ធំ ចំនួន២កញ្ចប់ ,កញ្ចប់ធំល្មមចំនួន៣កញ្ចប់ និងកញ្ចប់តូចចំនួន១៩កញ្ចប់ ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ព្រមទាំងឧបករណ៍សម្រាប់កាច់សោកម៉ូតូ១កំប្លេរផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌបានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋាន ហើយក្រោយមកបានកំណត់បានមុខសញ្ញាខាងលើនេះ ក៏បានចុះទៅឃាត់ខ្លួនព្រមទាំងរឹបអូសយកវត្ថុតាងពាក់ព័ន្ធទាំងអស់រួចនាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖