ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នក្នុងភូមិប្រគាប អូរចក សំដែងការព្រួយបារម្ភរឿងលោកមេឃុំម្ស៉ាក្រង បម្រុងលក់ព្រែកសមាគម អូរចក ឲ្យទៅឈ្មួញថា ជាការដោះដូរដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នប្រមាណជាង៣០០គ្រួសារក្នុងភូមិប្រគាប អូរចក ឃុំ ម្ស៉ាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រតិកម្មជាមួយនឹងមេឃុំម្ស៉ាក្រង ដែលបម្រុងលក់ព្រែកអូរចក ឲ្យទៅឲ្យឈ្មួញក្នុងឡោះយកលុយទៅជួសជុលស្ពាន ផ្លូវ និងអភិវឌ្ឍន៍ភូមិ ឃុំ ។

ភាពមិនប្រក្រតីនេះត្រូវបានប្រជាពលរដ្នលើកឡើងថា ព្រែកអូរចក គឺជាកន្លែងដែលប្រជាពលរដ្នបានធ្លាប់អាស្រ័យផលបានពីការនេសាទបែបលក្ខណៈគ្រួសារជាច្រើនឆ្នាំមកហើយ ទាំងមនុស្ស និងសត្វពាហនៈ សុទ្ធទទួលបានផលប្រយោជន៍ ពីព្រែក អូរចក នេះចុះបើមេឃុំ បម្រុងលក់ ព្រែកអូរចក ឲ្យទៅឈ្មួញហើយនោះ តើឲ្យពលរដ្នទៅនេសាទរកទទួលទាននៅឯណា?

ពាក់ព័ន្ធនឹងការរិះគន់នេះ ត្រូវបានលោកចន វុទ្ធី ហៅវុធ មេឃុំម្ស៉ាក្រង ផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទថា លោកមិនបានលក់ដូរ ព្រែក អូរចក ដូចពលរដ្នចោតនោះទេ តែយើងគ្រាន់ចង់រកចំណូលបានពីការដេញថ្លៃនេសាទត្រីដើម្បីយកលុយមកជួសជុល ផ្លូវ និងស្ពាននៅក្នុងភូមិ ឃុំតែប៉ុណ្ណោះ ។

ពលរដ្នថា ទាំងអាជ្ញាធរស្រុក ទាំងមន្រ្ដីជំនាញ និងអាជ្ញាធរមូលដ្នាន សុទ្ធតែត្រូវរ៉ូវគ្នា លក់ព្រែក អូរចក នេះឲ្យទៅឈ្មួញ ហើយមានលេះថា ដោះដូរ គ្នា យកលុយអភិវឌ្ឍន៍ ភូមិ ឃុំ តែការពិត មិនខុសពីពាក្យដែលគេតែងតែលើកឡើងថា កន្ទេលធំបន្ដំដេក ឯក្បាលទំពែកបន្ដំកោនោះទេ ដរាបណា ហោប៉ៅអាវនៅតែចំហរទៅលើ មនុស្សក៏នៅតែមានល្បិចកិចកល់ដូច្នេះឯង ។

ប្រភពច្បាស់ការមួយបានឲ្យដឹងថា ឈ្មួញដែលទិញ ព្រែកអូរចក នេះ ឈ្មោះ តឹក សាន និងប្អូនឈ្មោះ តឹក ស៊ៀន រស់នៅភូមិ បត់ ត្រង់ ឃុំ ម៉្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពលរដ្នស្នើសុំឲ្យ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បើកការស៊ើប អង្កេតករណីខាងលើនេះផង ដើម្បីជួយពលរដ្នជាម្ចាស់ឆ្នោត បានរស់នៅប្រកបដោយសេចក្ដីសុខ និងប្រកបមុខរបរ ដែលជាទម្លាប់ចាស់ទាំងនេះ ព្រោះពលរដ្នមិនចង់និរទ្ទេសខ្លួនទៅធ្វើការក្រៅស្រុកនោះទេ គឺចង់រករបរនេសាទដែលមានស្រាប់ និយាយឲ្យចំ គឺមិនចង់បាត់បង់ព្រែកសមាគម អូរចក បានទៅក្នុងកណ្ដាបដៃឈ្មួញនោះឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖