ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅស្រុកអង្គរបុរី និងបុរីជលសា ក្រោយពីអស់សង្ឃឹមចំពោះអាជ្ញាធរខេត្តតាកែវ ដែលជាអ្នកបើកដៃឲ្យជនជាតិវៀតណាមចូលនេសាទខុសច្បាប់នោះ ពួកគាត់ស្នើឲ្យក្រសួងកសិកម្មចាត់វិធានការ បង្ក្រាបបទល្មើសនេសាទផង ។ ការរំពឹងទៅលើមន្ត្រីជលផលខេត្តតាកែវតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក មិនបង្ក្រាបទាល់តែសោះចំពោះបទល្មើសនេសាទរបស់ជនជាតិវៀតណាម ប៉ុន្តែនឹងចាប់បង្ក្រាបចំពោះអ្នកនេសាទខ្មែរ ដែលចុះទូករកត្រីដើម្បីចិញ្ចឹមក្រពះនោះទៅវិញ ។ ពួកគេបង្ក្រាបអ្នកនេសាទ ហើយអួតថា បង្ក្រាបបានច្រើនសន្ធឹកសន្ធាប់ ។
ប្រភពរាយការណ៍ថា រយៈពេលមួយសប្តាហ៍នេះ បទល្មើសនៃការអនុញ្ញាតឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទនៅក្នុងទឹកដីខ្មែរ ហាក់មានគំហុកជាខ្លាំង ពោលគឺបណ្តាជនជាតិវៀតណាមទាំងហ្វូងៗ បាននាំគ្នាជិះទូកមកនេសាទ ក្នុងទឹកដីខ្មែរដោយសេរី ។ បណ្តាជនវៀតណាមទាំងនោះមានប័ណ្ណពណ៌លឿង ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចខ្មែរនៅខេត្តតាកែវ ។ ជនជាតិវៀតណាម ដែលចូលនេសាទតាមទូក ពួកគេចូលពេលព្រឹក និងត្រឡប់ទៅវិញពេលល្ងាច ។ ធនធានធម្មជាតិ គ្រប់បែបយ៉ាងត្រូវបានអ្នកនេសាទវៀតណាមប្រមូលយក មានទាំងក្តាម ខ្យង ត្រី បង្កង… ។ អ្វីដែលប្រជាពលរដ្ឋមានចង្ងល់នោះ គឺពួកគេនេសាទយកត្រីពីទឹកដីខ្មែរទៅ ហើយនាំត្រីចិញ្ចឹមមកលក់ឲ្យខ្មែរវិញ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិវៀតណាមមួយចំនួនធំចូលមកនេសាទតាមទូក វិលល្ងាច និងមួយចំនួនធំ មកប្រព្រឹត្តល្មើស ដូចជាដាក់ដាយ អួន សៃយ៉ឺន តែម្តង។ បទល្មើសទាំងនោះ កើតឡើងដោយការឃុបឃិត រវាងមន្ត្រីជលផល រួមជាមួយអាជ្ញាធរដែនដី ។ ពួកអ្នកនេសាទជនជាតិវៀតណាម ចំណាយប្រាក់រាប់ម៉ឺនដុល្លារឲ្យក្រុមមន្ត្រីជលផល និងអាជ្ញាធរដែនដី រួមជាមួយកម្លាំងសមត្ថកិច្ចមួយចំនួនទៀត ។ វាក្លាយទៅជាទម្លាប់របស់ពួកមន្ត្រីតាមបណ្តាស្រុក និងមន្ត្រីរដ្ឋបាលជលផល ដែលត្រូវអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ ។ គេខ្សឹបខ្សៀវថា សូម្បីតែថ្នាក់ដឹកនាំខេត្ត ក៏ទទួលបាលាភសក្ការពីឈ្មួញ ជនជាតិវៀតណាមទាំងនោះដែរ ។
អភិបាលខេត្តតាកែវលោក អ៊ួច ភា គ្មានប្រតិកម្មទាល់តែសោះ ចំពោះបញ្ហាជនជាតិវៀតណាមចូលមកនេសាទក្នុងដីខ្មែរនេះ ។ ប្រភពបានឲ្យដឹងថា មេខ្យល់ឈ្មួញជនជាតិវៀតណាម ដែលជាអ្នកបោះមេ បានចំនាយប្រាក់ឲ្យថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ច គ្រប់ផ្នែករួចរាល់អស់ហើយ ទើបគេហ៊ានប្រព្រឹត្តល្មើសជាចំហរ ។ សូម្បីតែស្ថាប័នប្រដាប់អាវុធ ក៏ទទួលបានលាភសក្ការពីពពួកឈ្មួញជនជាតិវៀតណាមទាំងនោះដែរ ។
លោក ញឹក ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានបញ្ជាក់ថា លោកមិនព្រងើយកន្តើយក្នុងការចាត់វិធានការបង្ក្រាបបទល្មើសនោះឡើយ ។ ប៉ុន្តែបទល្មើសបានកើនឡើងច្រើនពេក ដូច្នេះលោកមិនអាចចាត់វិធានការបានទាំងអស់ទាន់ពេលវេលានោះឡើយ ។ លោកបានជំរុញឲ្យមន្ត្រីជលផល ធ្វើសកម្មភាពបង្ក្រាបជាប្រចាំ ។ ប៉ុន្តែលោកមិនដឹងថា តើការបង្ក្រាបនោះ មានទិដ្ឋភាពបែបណាទេ ។ បើតាមប្រជាពលរដ្ឋខ្មែរ អះអាងថា មន្ត្រីជលផលក្រុមលោក សៅ កុសល បង្ក្រាបតែអ្នកនេសាទខ្មែរដែលមិនប្រាក់ឲ្យពួកគេតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋស្នើយ៉ាងទទូចទៅអគ្គនាយកដ្ឋានរដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាចាត់កម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកអង្គរបុរី, បុរីជលសា និងស្រុកកោះអណ្តែតខេត្តតាកែវនោះផង ។ នៅពេលដែលចុះទៅបង្ក្រាប មេត្តាកុំជូនដំណឹងដល់ពួកមន្ត្រីជលផលនៅខេត្តតាកែវបានដឹង ។ បើពុំដូចនោះទេ ពួកមន្ត្រីជលផលទាំងនោះ នឹងទូរស័ព្ទប្រាប់អ្នកនេសាទល្មើសឲ្យផ្អាកសកម្មភាពជាមិនខាន ។ មានតែក្រសួងកសិកម្មប៉ុណ្ណោះ ដែលអាចចាត់ការបទល្មើសនេសាទនៅបណ្តាស្រុកជាប់ព្រំដែនប្រទេសវៀតណាមនៃខេត្តតាកែវនោះបាន ។ បើរង់ចាំចំណាត់ការរបស់អាជ្ញាធរខេត្តតាកែវ គឺមិនអាចសោះឡើយ ៕ ហេងសូរិយា