ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់ធ្វើការងារក្នុងផ្ទះ ភ្លេចខ្លួន ចៅលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកយាយចំណាស់ម្នាក់បានស្រែកយំ និងហៅអ្នកភូមិជួយសង្គ្រោះបន្ទាប់ពីភ្លេចខ្លួនតែប៉ុន្មាននាទីចៅប្រុសគាត់បានលង់ទឹកស្រះក្បែផ្ទះ និងប្រញាប់ប្រញាលនាំគ្នាចុះជួយប៉ុន្តែអកុសលហួសពេលទៅហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពី វេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុស ដែលរងគ្រោះមានឈ្មោះ តាក ចាន់នីន អាយុ៤ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើដោយមានម្ដាយឈ្មោះ សាក់ យូរី អាយុ២៦ឆ្នាំ មុខរបរកសិករជាស្ត្រី(មេម៉ាយ) ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញជីដូនបានដើរកាន់ចៅប្រុសនៅខាងមុខផ្ទះហើយប្រមាណ១០នាទី ក៏បានទុកចៅឲ្យដើរលេងម្នាក់ឯង ខណៈជាប់រវល់ធ្វើកិច្ចការក្នុងផ្ទះ លុះប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើល និងស្រែកយំថា បាត់ចៅ និងហៅអ្នកភូមិជួយដើររកស្រាប់តែប្រទះឃើញចៅលង់ទឹកស្រះប្រហែល៥០ម៉ែត្រ ពីផ្ទះទើបប្រញាប់ប្រញាល់នាំគ្នាជួយស្រង់ និងធ្វើចលនាដៃជើង អកុសលហួសពេលទៅហើយ មិនអាចសង្គ្រោះបាននោះទេ បានត្រឹមតែយំសោកស្ដាយប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖